លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយនៅថ្ងៃព្រហស្បតិ៍ ២៨ វិច្ឆិកា ប្រទេសរបស់លោកនឹងប្រើប្រាស់សព្វាវុធទាំងអស់កម្ទេចអ៊ុយក្រែនបើទីក្រុង Kyiv ទទួលបានអាវុធនុយក្លេអ៊ែរ មែននោះ។

សារព័ត៌មាន New York Times បានរាយការណ៍កាលពីសប្តាហ៍មុនថា មន្ត្រីលោកខាងលិចដែលមិនបញ្ជាក់អត្តសញ្ញាណមួយចំនួនបានស្នើឱ្យលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden អាចផ្តល់ឱ្យអ៊ុយក្រែននូវអាវុធនុយក្លេអ៊ែរមុនពេលរូបលោកចាកចេញពីតំណែង។

លោកបាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងអាស្តាណា(Astana) ប្រទេសកាហ្សាក់ស្ថានថា ប្រសិនបើប្រទេសដែលយើងកំពុងធ្វើសង្រ្គាមជាមួយឥឡូវនេះក្លាយជាមហាអំណាចនុយក្លេអ៊ែរ តើយើងធ្វើដូចម្តេច? ក្នុងករណីនេះ យើងនឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ខ្ញុំចង់បញ្ជាក់អំពីចំណុចនេះថា ច្បាស់ណាស់យើងនឹងប្រើគ្រប់មធ្យោបាយនៃការបំផ្លិចបំផ្លាញដែលរុស្ស៊ីមាន។
លោកបញ្ជាក់ថាប្រសិនបើនរណាម្នាក់ផ្ទេរអ្វីមួយជាផ្លូវការ នោះមានន័យថាជាការរំលោភលើការប្តេជ្ញាចិត្តមិនរីកសាយអាវុធទាំងអស់ដែលពួកគេបានធ្វើ។

លោកក៏បាននិយាយផងដែរថា វាពិតជាមិនអាចទៅរួចទេសម្រាប់អ៊ុយក្រែនក្នុងការផលិតអាវុធនុយក្លេអ៊ែរ ប៉ុន្តែថាប្រទេសនោះអាចផលិតប្រភេទគ្រាប់បែកផ្ទុកសារធាតុវិទ្យុសកម្ម ក្នុងបំណងធ្វើឲ្យរីករាលដាលនៃការបំពុល។ក្នុងករណីនោះ រុស្ស៊ីនឹងឆ្លើយតបយ៉ាងស័ក្ដិសម ។
គួររម្លឹកថា អ៊ុយក្រែនបានទទួលមរតកអាវុធនុយក្លេអ៊ែរពីសហភាពសូវៀតបន្ទាប់ពីការដួលរលំឆ្នាំ ១៩៩១ ប៉ុន្តែបានផ្តល់ឱ្យពួកគេនៅក្រោមកិច្ចព្រមព្រៀងឆ្នាំ ១៩៩៤ ដែលជាអនុស្សរណៈនៃទីក្រុង ប៊ុយដាប៉ែស(Budapest Memorandum)ជាថ្នូរនឹងការធានាសន្តិសុខពីប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ៕