ក្រុមគ្រូពេទ្យបាននិយាយថា ការវាយប្រហារដោយយោធាអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៤២នាក់ នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍ (២៨ វិច្ឆិកា) ខណៈកងកម្លាំងបានបង្កើនការទម្លាក់គ្រាប់បែករបស់ពួកគេទៅលើតំបន់កណ្តាល ហើយរថក្រោះបានវាយរុញកាន់តែជ្រៅទៅក្នុងភាគខាងជើង និងខាងត្បូងនៃតំបន់នោះ។

កំណើនវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ បានចាប់ផ្តើមបទឈប់បាញ់នៅក្នុងប្រទេសលីបង់ ដោយបានបញ្ឈប់អរិភាពជាងមួយឆ្នាំ និងបង្កើនក្តីសង្ឃឹមក្នុងចំណោមប្រជាជនប៉ាឡេស្ទីនជាច្រើននាក់នៅហ្កាហ្សា សម្រាប់កិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយក្រុមហាម៉ាស។

យុទ្ធនាការយោធារបស់អ៊ីស្រាអែល - ក្នុងបំណងលុបបំបាត់ពួកសកម្មប្រយុទ្ធហាម៉ាស បន្ទាប់ពីការវាយឆ្មក់យ៉ាងបង្ហូរឈាមរបស់ក្រុមនេះទៅលើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ - បានធ្វើឱ្យប្រជាជនចំនួន ២,៣លាននាក់ ស្ថិតក្នុងវិបត្តិមនុស្សធម៌។

ក្រុមមន្ត្រីនៅតំបន់ហ្កាហ្សា បាននិយាយថា យុទ្ធនាការយោធារបស់អ៊ីស្រាអែល នៅដែនដីហ្កាហ្សា បានសម្លាប់មនុស្សប្រមាណ ៤៤.២០០នាក់ និងបានជម្លៀសប្រជាជនស្ទើរតែទាំងអស់នៃតំបន់ហ៊ុមព័ទ្ធទាំងមូល ហើយធ្វើឱ្យផ្នែកភាគច្រើនរបស់តំបន់នេះស្ថិតក្នុងការបំផ្លិចបំផ្លាញ៕