នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានគំរាមក្រុមសកម្មប្រយុទ្ធ ហេសបូឡា កាលពីថ្ងៃព្រហស្បតិ៍ (២៨ វិច្ឆិកា) ថាកងកម្លាំងខ្លួននឹងធ្វើ "សង្រ្គាមកាន់តែខ្លាំងក្លា" ប្រសិនបើក្រុមប្រដាប់អាវុធលីបង់មួយនេះ បំពានលើបទឈប់បាញ់ដ៏ផុយស្រួយ ដែលកំពុងស្ថិតក្រោមសម្ពាធដ៏តានតឹងពីភាគីទាំងពីរជុំវិញការចោទដាក់គ្នាទៅមកថាបានរំលោភកិច្ចព្រមព្រៀងនេះ។

ប៉ុន្មានម៉ោងមុននោះ យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារទីតាំងអាវុធហេសបូឡា នៅភាគខាងត្បូងលីបង់ ដែល "សកម្មភាពភេរវករត្រូវបានរកឃើញ" ហើយខ្លួនក៏បានបើកការបាញ់ប្រហារទៅលើអ្នកដែលខ្លួននិយាយថា បំពានបទឈប់បាញ់។

លោក Netanyahu បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍អ៊ីស្រាអែលថា "ប្រសិនបើចាំបាច់ យើងបានផ្តល់ការណែនាំដល់កងទ័ពអ៊ីស្រាអែល" ឱ្យធ្វើ "សង្រ្គាមដ៏ខ្លាំងក្លាមួយ" នៅក្នុងករណីនៃការរំលោភបទឈប់បាញ់។

កិច្ចព្រមព្រៀងឈប់បាញ់ដែលបានចូលជាធរមាននៅព្រឹកព្រលឹមថ្ងៃពុធ សប្ដាហ៍នេះ ស្វះស្វែងរកការបញ្ចប់សង្រ្គាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសលីបង់ និងបានបង្កឱ្យមានការភៀសខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងនៅលីបង់ និងអ៊ីស្រាអែល៕