អ៊ុយក្រែន បានជំរុញដៃគូរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ (២៨ វិច្ឆិកា) ឱ្យពន្លឿនជំនួយយោធា ដោយនិយាយថា ការផ្តល់គ្រឿងយុទ្ធោបករណ៍កាន់តែលឿនមានសារៈសំខាន់ជាងការកេណ្ឌទ័ពបន្ថែមទៀត។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា អ៊ុយក្រែនមិនបានកេណ្ឌទាហានថ្មីគ្រប់គ្រាន់ដើម្បីជំនួសអ្នកដែលបាត់បង់នៅក្នុងសមរភូមិនោះទេ ហើយបានជំរុញឱ្យទីក្រុងគីវ កាត់បន្ថយអាយុនៃការដាក់ពង្រាយពី ២៥ឆ្នាំ មកនៅត្រឹម ១៨ឆ្នាំ។

លោក ហ័រហ៊ី ទីឃី (Heorhii Tykhyi) អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងទីក្រុងគីវថា "ឥឡូវនេះ យើងស្ថិតក្នុងស្ថានភាពដែលត្រូវការឧបករណ៍បន្ថែមទៀតដើម្បីបំពាក់អាវុធដល់មនុស្សទាំងអស់ដែលត្រូវបានប្រមូលផ្តុំរួចហើយ ហើយយើងគិតថាអាទិភាពទីមួយនៅពេលនេះគឺការបញ្ជូនជំនួយយោធាឱ្យលឿនជាងមុន"។

ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះបានបន្ថែមពីលើការត្អូញត្អែររបស់ក្រុមមន្រ្តីអ៊ុយក្រែន លើជំនួយផ្នែកយោធាដ៏យឺតយ៉ាវ ក្នុងពេលកងកម្លាំងរបស់ទីក្រុងគីវ កំពុងទប់ទល់យ៉ាងលំបាកនឹងការវាយរុលរបស់រុស្ស៊ី ដែលកំពុងវាយលុកតាមជួរមុខដ៏ធំទូលាយ ខណៈកងទ័ពរបស់ទីក្រុងមូស្គូ កំពុងដណ្តើមបានភូមិជាបន្តបន្ទាប់ ក្នុងគោលបំណងគ្រប់គ្រងតំបន់ឧស្សាហកម្ម ដុនបាស (Donbas) ទាំងមូល៕