ភ្នំពេញ៖ ឯកឧត្តម សៅ សារឿន លើកឡើងថា កម្លាំងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ដែល នៅជិតនិងគៀងជាមួយប្រជាពលរដ្ឋត្រូវដឹងអំពីសុខទុក្ខនិងកង្វះខាតដែលជាតម្រូវការរបស់ពលរដ្ឋឱ្យបានទាន់ពេលវេលា។
ឯកឧត្ដមឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជានាយកនាយកដ្ឋានកិច្ចការយោធាស៊ីវិល ក្រសួងការពារជាតិ សមាជិកគណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការ ងារ ចុះជួយស្រុកវ៉ារិន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលជុះជួយឃុំវ៉ារិន បានលើកឡើងយ៉ាងដូច្នេះក្នុងឱកាស ដឹកនាំសមាជិកក្រុមការងារចុះជួយមូលដ្ឋាន ដើម្បីចុះមកត្រួតពិនិត្យមើលដោយផ្ទាល់ ស្ថានភាពជំនន់ទឹកភ្លៀងហូរកាត់ផ្តាច់ផ្លូវលំ នៅភូមិឃុំ វ៉ារិន ខេត្តសៀមរាប ទន្ទឹមនឹងអាជ្ញាធរមូលដ្ឋានបានធ្វើរបាយការណ៍កន្លងមកនោះ។
ឯកឧត្តម បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ ដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាននិង កងកម្លាំង ប្រដាប់អាវុធគ្រប់ថ្នាក់ ដែលបានសហការថែរក្សាសណ្តាប់ធ្នាប់ព្រមទាំងដោះស្រាយរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ជាពិសេសស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិកំពុងមានវិបត្តិកូវីដ១៩ ដែលជាអំរែកដ៏ធ្ងន់ធ្ងររបស់រាជរដ្ឋាភិបាលនោះ បន្ថែមដោយគ្រោះជំនន់ទឹកភ្លៀងទៀត។ ទន្ទឹមនេះ ឯកឧត្ដមបានជម្រុញឲ្យក្រុមការងារជំនាញ បន្ទាប់ពីទឹកជំនន់ស្រកទៅត្រូវសិក្សាលើកគំរោងជួយជុលស្តារផ្លូវដែលខូចខាតធ្វើយ៉ាងណាឲ្យមានគុណភាព ក្នុងនោះឯកឧត្តមក៏បាន ស្នើ ឲ្យក្រុម ការងារត្រូវធ្វើជាទំនប់បង្ហៀរឬដាឡូត៍បន្ថែម ដើម្បីបញ្ចៀសមុខទឹកដែលតែងតែជន់លិចនិងហូរកាត់ផ្តាច់ជារៀងរាល់ឆ្នាំ សំដៅធ្វើយ៉ាងណាឲ្យមានគុណភាពរឹងមាំនិងប្រើប្រាស់បានយូរអង្វែង។
ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ ហើយឯកឧត្តមក៏ បានឧបត្ថម្ភ ថវិកាមួយចំនួនសម្រាប់ប្រើប្រាស់ជួសជុលផ្លូវមួយចំនួនស្ថិតនៅក្នុងឃុំវ៉ារិននេះផងដែរ។ លោក ឈយ អឿន មេឃុំវ៉ារិន បានរាយការណ៍ថា ទន្ទឹមប្រជាពលរដ្ឋ ទូទាំងប្រទេសកំពុងមាន វិបត្តិធ្ងន់ធ្ងរជម្ងឺរាតត្បាតកូវីដ-១៩ ព្រមទាំងមាននូវគ្រោះទឹកជំនន់ជាបន្តបន្ទាប់បន្ថែមទៀត។ ស្ថិតក្នុងស្ថានភាពបែបនេះ ឃុំវ៉ាវិនក៏បានបន្តរងគ្រោះដោយជំនន់ទឹកភ្លៀងជន់លិចជារៀងរាល់ឆ្នាំ។ ជាក់ស្តែងក្នុងខែតុលាឆ្នាំ២០២១នេះឃុំវ៉ារិនមានផលប៉ះពាល ជំនន់ទឹកភ្លៀងក្នុងរដូវវស្សាបណ្តាលឱ្យលិចផ្លូវក្រាល គ្រោះក្រហមពីភូមិវ៉ារិន ទៅភូមិនេល នៅចំណុចអូរធំ ហូរលិចផ្លូវប្រវែង១០០ម៉ែត្រ ហូរកាត់ផ្តាច់២កន្លែង មួយកន្លែង ប្រវែង ៧ម៉ែត្រ ជាគម្រោងថវិកាឃុំ ។
ផ្លូវក្រាលគ្រោះក្រហម១ខ្សែទៀតក្នុងភូមិគោកស្រុក ជន់លិចប្រវែង ៥០ម៉ែត្រ ដាច់ផ្លូវ៥ម៉ែត្រ ជាផ្លូវគំរោងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប។ ផ្លូវដី ស នៅភូមិជប់ម្លូរដាច់ ៤កន្លែង១ កន្លែងៗប្រវែង១៥ម៉ែត្រ ដែល ធ្វើដោយថវិកាសហគន៍។ ផ្លូវដីសនៅភូមិអូរត្រាច ដាច់ ៥កន្លែង ១កន្លែងៗ១៤ម៉ែត្រ ដែលធ្វើដោយថវិកាសហគមន៍ និងពីថវិកាឯកឧត្តមប្រធានក្រុមការងារអំឡុងឆ្នាំ២០១៨។ ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ផលដំណាំកសិកម្មមានចំការដំឡូងរបស់ប្រជាពលរដ្ឋចំនួន២៥០ហិតា៕ អត្ថបទ៖ មុត សុទ្ធ