ភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដូវរងា និងជំនោរសមុទ្រកើនឡើង បានធ្វើឱ្យស្ថានភាពជនភៀសខ្លួនប៉ាឡេស្ទីនកាន់តែអាក្រក់ទៅៗនៅតំបន់ហ្កាហ្សាស្ទ្រីប ដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម ធ្វើឱ្យក្រុមគ្រួសារនៅតំបន់ឆ្នេរភាគខាងលិចនៃក្រុង ខាន់យូនីស (Khan Younis) នៅភាគខាងត្បូងហ្កាហ្សា បាត់បង់ផ្ទះសម្បែងដោយសារទឹកជំនន់ និងជួបការលំបាកស្វែងរកទីជម្រកថ្មី និងសម្ភារៈមូលដ្ឋានចាំបាច់ផ្សេងៗ។

ជនភៀសខ្លួនម្នាក់ឈ្មោះ អ៊ុម អាមេដ (Umm Ahmed) បានរៀបរាប់ពីទុក្ខវេទនារបស់អ្នកស្រុកថា រលកសមុទ្រដ៏ខ្ពស់ស្ទើរតែធ្វើឱ្យក្មេងៗលង់ទឹកស្លាប់ ហើយបានបំផ្លាញតង់ និងរបស់របររបស់ពួកគេ បណ្ដាលឱ្យមនុស្សម្នាគ្មានទីជម្រក។

អ្នកស្រុកភៀសខ្លួនម្នាក់ទៀតឈ្មោះ Jamil Dhahir បង្ហាញភាពសោកសៅចំពោះស្ថានភាពដ៏អាក្រក់ដែលអ្នកស្រុកកំពុងជួបប្រទះ ដោយការរត់គេចពីរលកធំៗ ហើយឥឡូវនេះកំពុងមានជំងឺ សម្រាកមិនគ្រប់គ្រាន់ និងភាពមិនច្បាស់លាស់ពីកន្លែងបន្ទាប់ដែលត្រូវជ្រកកោន។
នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន UNRWA និយាយថា ភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះបានបង្កការលំបាកយ៉ាងខ្លាំងដល់ពលរដ្ឋហ្កាហ្សា ជាមួយនឹងមនុស្សកន្លះលាននាក់ប្រឈមនឹងគ្រោះទឹកជំនន់៕