ទីក្រុង Kyiv បានស្ថិតក្នុងភាពងងឹត កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ខណៈការវាយប្រហារដ៏ធំលើកទីពីររបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនក្នុងខែនេះ បានបង្កឱ្យមានការដាច់ចរន្តអគ្គិសនី នៅទូទាំងប្រទេស។

ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា វាយប្រហាររបស់ទីក្រុងមូស្គូ ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនទៅលើទឹកដីរុស្ស៊ី ដោយមីស៊ីលអាតាខឹមស៍(ATACMS) រយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិក។
មនុស្សជាង១លាននាក់ គ្មានថាមពលអគ្គិសនីប្រើប្រាស់ ភ្លាមៗបន្ទាប់ពីការវាយប្រហារ ហើយមនុស្សរាប់លាននាក់ទៀត ត្រូវបានកំណត់ពីការផ្តាច់ចរន្តអគ្គិសនី។

ក្រសួងមហាផ្ទៃប្រទេសអ៊ុយក្រែនបាននិយាយថា រោងចក្រហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនី ត្រូវបានបំផ្លាញក្នុងតំបន់ចំនួន ៩។
ប្រតិបត្តិករបណ្តាញអគ្គិសនីរដ្ឋរបស់អ៊ុយក្រែន Ukrenergo បានប្រកាសពីការដាច់ចរន្តអគ្គិសនី នៅទូទាំងប្រទេស ដោយសារតែការខូចខាតពីការវាយប្រហារ និងបានព្រមានថាគ្មានអគ្គិសនីសម្រាប់អ្នកប្រើប្រាស់មួយចំនួន យ៉ាងហោចណាស់រយៈពេល១២ម៉ោង។
យោងតាមប្រតិបត្តិករបណ្តាញអគ្គិសនីជាតិ Ukrenergo បាននិយាយឲ្យដឹងថា មានការដាច់ចរន្តអគ្គិសនីនៅក្នុងទីក្រុងគីវ(Kyiv), Odesa, Dnipro និងទីក្រុង Donetsk ខណៈសីតុណ្ហភាពនៅទូទាំងប្រទេស ធ្លាក់ចុះដល់ប្រហែល០អង្សាសេ។