ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា លោកសង្ឃឹមថា ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នឹងពិចារណាឡើងវិញនូវផែនការរបស់លោក ក្នុងការដាក់ពន្ធលើប្រទេសម៉ិកស៊ិក និងប្រទេសកាណាដា ដោយនិយាយថា វាអាច «បំផ្លាញ» ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធ។

លោក បាននិយាយទៅកាន់អ្នកសារព័ត៌មានថា «ខ្ញុំសង្ឃឹមថា លោកTrump នឹងពិចារណាឡើងវិញ ព្រោះថាវាជារឿងដែលធ្វើឲ្យខូចប្រយោជន៍» ។
លោក Trump កាលពីថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា បាននិយាយថា លោកនឹងដាក់ពន្ធលើប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក លុះត្រាតែប្រទេសទាំងនេះ ទប់ស្កាត់គ្រឿងញៀន និងជនអន្តោប្រវេសន៍ ឆ្លងកាត់ព្រំដែន ក្នុងចំណាត់ការមួយដែលនឹងទំនងជាបំពានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិក-ម៉ិកស៊ិក-កាណាដា។

ប្រធានាធិបតីម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា លោកស្រី ពុំបានពិភាក្សាពិសេសអំពីបញ្ហាពន្ធនៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយលោក Trump ទេ កាលពីថ្ងៃពុធ ដោយលោកស្រីនិយាយថា ភាគីទាំងពីរ បានព្រមព្រៀងថានឹងមានទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
បន្ទាប់ពីការអំពាវនាវនេះ លោក Trump បាននិយាយថា លោកស្រី Sheinbaum បាន «យល់ព្រមបញ្ឈប់ការធ្វើអន្តោប្រវេសន៍ឆ្លងកាត់តាមប្រទេសម៉ិកស៊ិក និងចូលទៅក្នុងសហរដ្ឋអាមេរិក ដោយបិទព្រំដែនភាគខាងត្បូងដោយប្រសិទ្ធភាព»។