រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចក្រភពអង់គ្លេស លោកស្រី អ៊ីវ៉េត ឃូភឺ(Yvette Cooper) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងគោលបំណងដាក់គោលដៅលើជនអន្ធពាលរត់ពន្ធមនុស្ស និងបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែន ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់ចក្រភពអង់គ្លេស ក្នុងការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់។

លោកស្រី Cooper បានបញ្ជាក់ថា ក្រុមជនអន្ធពាលរត់ពន្ធ កំពុងទទួលបានផលចំណេញពីការឆ្លងកាត់ទូកតូចៗដ៏គ្រោះថ្នាក់ ដោយប្រតិបត្តិការរបស់ពួកគេលាតសន្ធឹងពីភាគខាងជើងប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់ ឆ្លងកាត់ទ្វីបអឺរ៉ុបរហូតដល់តំបន់ជនជាតិឃឺដប្រទេសអ៊ីរ៉ាក់ និងហួសពីនេះ។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រី ទៅកាន់ប្រទេសអ៊ីរ៉ាក់ និងតំបន់ជនជាតិឃឺដ លោកស្រី Cooper រួមជាមួយគណៈប្រតិភូអង់គ្លេស បានធ្វើទស្សនកិច្ចទៅកាន់ទីបញ្ជាការកងកម្លាំងព្រំដែនអ៊ីរ៉ាក់ ដែលបានទៅពិនិត្យមើលមជ្ឈមណ្ឌលហៅទូរស័ព្ទលេខ៩១១ និងបានចូលរួមពិធីនៅមហាវិទ្យាល័យនគរបាល។
យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា ចក្រភពអង់គ្លេស បានសន្យាគាំទ្រដល់ការអនុវត្តន៍ច្បាប់របស់ប្រទេសអ៊ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងទម្រង់ឧក្រិដ្ឋកម្មរៀបចំទុកធ្ងន់ធ្ងរផ្សេងទៀត រួមមានការជួញដូរគ្រឿងញៀន ជាដើម។