ប្រជាជនអូស្ត្រាលី នៅថ្ងៃសុក្រ (២៩ វិច្ឆិកា) នេះ បានសម្ដែងអារម្មណ៍លាយឡំគ្នានៃកំហឹង និងភាពធូរចិត្ត ចំពោះបម្រាមប្រព័ន្ធផ្សព្វផ្សាយសង្គមលើកុមារអាយុក្រោម ១៦ឆ្នាំ ដែលរដ្ឋាភិបាលនិយាយថាកំពុងនាំមុខគេលើពិភពលោក ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដូចជា TikTok ប្រកែកថា បម្រាមនេះអាចរុញច្រានយុវជនឱ្យធ្លាក់ក្នុង "ជ្រុងដ៏ខ្មៅងងឹតនៃអ៊ីនធឺណិត"។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយនៅថ្ងៃសុក្រនេះថា "ឥឡូវនេះ បណ្ដាញប្រព័ន្ធផ្សព្វផ្សាយមានទំនួលខុសត្រូវសង្គម ដើម្បីធានាសុវត្ថិភាពរបស់កុមារជាអាទិភាព"។

អ្នកក្រុងស៊ីដនី មួយចំនួនលើកឡើងថា "យើងគិតថានេះជាគំនិតដ៏អស្ចារ្យមួយ ដោយសារតែយើងមើលឃើញថាប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារ គឺពិតជាមិនសមរម្យទេ ពេលខ្លះពួកគេអាចមើលអ្វីដែលមិនគួរមើល” ។

អ្នកផ្សេងទៀតបានសម្ដែងការខឹងសម្បារ ដោយនិយាយថា រដ្ឋាភិបាលបានបោះចោលលទ្ធិប្រជាធិបតេយ្យដោយការដាក់កម្រិតមិនសមហេតុផល ខណៈកុមារនិយាយថា ពួកគេនឹងព្យាយាមរកវិធីគេចវេសការហាមប្រាមនេះ៕