ក្រចេះ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ អមដំណើរដោយឯកឧត្ដម អ៊ិត ប្រាង្គ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល, ឯកឧត្ដមរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ អាជ្ញាធរដែនដីនៅថ្ងៃទី២៩ តុលា ឆ្នាំ២០២០ បានអញ្ជើញចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះ ដែលស្ថិតនៅក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនយូប៊ីអ៊ី ឌីវេលឡប់មេន។
លោក ចាង លូជឺ អគ្គនាយកក្រុមហ៊ុន ហ្សុងឈី ហូលឌីង គ្រុប បានឲ្យដឹងថា ក្រុមហ៊ុនយូប៊ីអ៊ី ឌីវេលឡប់មេន គឺជាឧទ្យានឧស្សាហកម្មដ៏ធំទូលំទូលាយថ្នាក់ជាតិ ដែលត្រូវបានវិនិយោគដោយក្រុមហ៊ុន ហ្សុងឈី ហូលឌីង គ្រុប ដែលមានផ្ទៃដីគម្រោងទំហំប្រមាណ ៩គីឡូម៉ែត្រក្រឡាក្នុងទុនវិនិយោគ ៦០០លានដុល្លារអាមេរិក ដើម្បីក្លាយជាចង្កោមនៃការច្នៃផលិតផលកសិកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន និងឧស្សាហកម្ម។ ក្រុមហ៊ុននឹងធ្វើការសាងសង់រោងចក្រថាមពលអគ្គិសនី កន្លែងស្តុកទឹក រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់ជាដើម ដោយអាចទទួលសហគ្រាសជាង ១០០កន្លែង និងផ្ដល់ការងារប្រមាណ ៦ម៉ឺននាក់។ គម្រោងនេះក៏ត្រូវបានបញ្ចូលក្នុងគម្រោងនៃកិច្ចសហប្រតិបត្តិការ “ផ្លូវ១ខ្សែក្រវាត់១” នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៏ និងកែទម្រង់ប្រទេសចិន ហើយនៅឆ្នាំ២០១៨ ត្រូវបានចុះបញ្ជីជាគម្រោងអាទិភាព សម្រាប់ការផ្សព្វផ្សាយក្រៅប្រទេសនៃ “ផ្លូវ១ខ្សែក្រវាត់១” នៃខេត្តសានទុង។
លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនដែលចុះបញ្ជី ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះរួមមានៈ ១. ក្រុមហ៊ុន លីមរ៉ូយ៉ាល់ជ័ញស្តុក (LIM ROYAL JOINT STOCK CO., LTD) បើករោងចក្រកែច្នៃគ្រឿងសង្ហារឹម, ២. ក្រុមហ៊ុន ZHONG QI LI HUI CABLE CO., LTD ផលិតខ្សែភ្លើង និងខ្សែកាប, ទី៣. ក្រុមហ៊ុនឧស្សាហកម្មកៅស៊ូ Car Far Rubber Industrial Co., Ltd វិនិយោគលើផ្ទៃដី ៤០ហិចតា មានសមត្ថភាពផលិតជ័រកៅស៊ូស្តង់ដារប្រចាំឆ្នាំប្រមាណ ៥ម៉ឺនតោន និងមានទិសដៅបង្កើតរោងចក្រផលិតកង់រថយន្តទៀតផង, ទី៤. ក្រុមហ៊ុន ហ្គ្រីនលីតឌ័រ ខេមបូឌា (Green Leader (Cambodia) Co., Ltd ដែលមានសមត្ថភាពផលិតម្សៅដំឡូងមី ១០ម៉ឺនតោនក្នុង១ឆ្នាំ, ទី៥. ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិចិន-កម្ពុជា, ទី៦. ក្រុមហ៊ុនស៊ូសាងខេមបូឌា អ៊ីនដាស់ស្ទ្រី (SHUSHANG CAMBODIA INDUSTRY CO., LTD) វិនិយោគលើផ្ទៃដី ៣១០ហិចតាលើរោងឧស្សាហកម្មវាយនភណ្ឌ, ការបោះពុម្ព និងឧបករណ៍ផ្នែករឹង។ ជាមួយនោះក៏មានក្រុមហ៊ុនដែលបានចុះកិច្ចសន្យាជាច្រើន ទៅលើការកែច្នៃសម្ភារៈសំណង់, ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ម៉ូតូ និងផលិតរថយន្តគ្រប់ប្រភេទ និងក្រុមហ៊ុនកែច្នៃថ្មម៉ាប ។ល។
ក្នុងឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៏ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមបានគាំទ្រចំពោះក្រុមហ៊ុនហ្សុងឈី ហូលឌីង គ្រុប ដែលបានវិនិយោគនូវតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តក្រចេះនេះ ពិសេសការផលិតជ័រកៅស៊ូ និងឈានទៅបង្កើតរោងចក្រផលិតកង់រថយន្ត ព្រោះតំបន់នេះមានដំណាំកៅស៊ូច្រើន ដែលអាចផ្គត់ផ្គង់វត្ថុធាតុដើមដល់រោងចក្រ។ ម្យ៉ាងទៀតការផលិតខ្សែភ្លើង និងខ្សែកាប ពិតជាជួយបំពេញសេចក្ដីត្រូវការរបស់កម្ពុជា និងតម្លៃកាន់តែទាប ព្រោះកម្ពុជាបច្ចុប្បន្ន ជាប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវការខ្សែភ្លើង ឬខ្សែកាបច្រើនក្នុងការងារឧស្សាហកម្ម និងការប្រើប្រាស់ទូទៅប្រចាំថ្ងៃ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យក្រុមហ៊ុនហ្សុងឈី ហូលឌីង គ្រុប ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាឲ្យកាន់តែធំជាងនេះទៀត បើទោះបីជាបច្ចុប្បន្នក្រុមហ៊ុននេះបានបោះទុនវិនិយោគ នៅខេត្តមណ្ឌលគីរីលើវិស័យកសិកម្ម, ខេត្តព្រះសីហនុលើផ្នែកសណ្ឋាគារ វិឡា និងអចលនទ្រព្យ និងតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះនេះ និងសូមជួយទាក់ទាញវិនិយោគិន មកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមហ៊ុនវិនិយោគដាំដំណាំណា ដែលទីផ្សារនៅប្រទេសចិនត្រូវការ ដើម្បីងាយស្រួលនាំចេញទៅប្រទេសចិន ព្រោះកម្ពុជា និងចិនបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួចហើយ សម្រាប់ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងក្លាថែមទៀត។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សូមសហការ និងជួយសម្របសម្រួលគ្រប់បែបយ៉ាងដល់ក្រុមហ៊ុន ក្នុងដំណើរការវិនិយោគនៅក្នុងស្រុកស្នួល ខេត្តក្រចេះនេះ និងសូមឲ្យក្រុមហ៊ុនសហការឲ្យបានជិតស្និទ្ធជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធនានាលើបទដ្ឋានគតិយុត្តិនានា ដើម្បីឲ្យស្របនឹងច្បាប់នៃប្រទេសកម្ពុជា៕





