សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា រដ្ឋបានត្រៀមដីរួច រាល់ហើយសម្រាប់ផ្តល់ជូនដល់ប្រជាពលរដ្ឋណាដែលអត់ដីពិតប្រាកដ ខណៈគម្រោងផ្តល់នេះ នឹងចាប់ ផ្តើមអនុវត្តពីដើមឆ្នាំក្រោយតែម្តង ។

ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ នៅឃុំ ទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ចតាមនីតិវិធីច្បាប់ដោយនឹងចែកដី ជូនពលរដ្ឋណាដែលអត់ដីពិតប្រាកដ ខណៈការដាក់ចេញនូវគោលនយោបាយនេះគឺដើម្បីលើកស្ទួយជីវ ភាពរបស់ពលរដ្ឋ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
យ៉ាងណាក៏ដោយ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានរំលឹកដល់ប្រជាពលរដ្ឋកុំស្តាប់តាមការញុះញង់របស់ជនមួយចំនួនតូច ដែលបំផុសបំផុលឲ្យបងប្អូនទៅកាប់ទន្ទ្រានព្រៃ ឬឈួសឆាយដីរដ្ឋខុសច្បាប់ឲ្យសោះ ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានផ្តាំទៅក្រុមអគតិមួយចំនួនត្រូវបញ្ឈប់ជាបន្ទាន់ផងដែរ នូវសកម្មភាពទាំងឡាយណា ដែលឆបោកពលរដ្ឋតាមរយៈការឃោសនាឲ្យមានការកាន់កាប់ដីរដ្ឋដោយខុសច្បាប់ដើម្បីតែផលប្រយោជន៍ខ្លួនឯងនោះ ៕អត្ថបទ៖ បាន ចក់