សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ម៉ាឡៃ អតីតតំបន់កាកសំណល់ពីសង្គ្រាម បានប្រែក្លាយមកជាតំបន់អភិវឌ្ឍន៍ហើយ ក្រោយការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃអស់ច្រើនទសវត្ស ។
ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ ស្ថិតនៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរម្លឹកអំពីសង្គ្រាមកាលពីអតីតកាល ជាពិសេសសមរភូមិតំបន់ព្រំដែននៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅមុនការ ដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ គឺបានធ្វើឱ្យភាគីជម្លោះទទួលយកនូវការផ្សះផ្សាឯក ភាពជាតិ ហើយក៏បានរួមគ្នាធ្វើការស្តារ និងអភិវឌ្ឍន៍ប្រទេសឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ រហូត មកដល់សព្វថ្ងៃ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការស្វែងសន្តិភាព មិនមែនជាការងាយស្រួលទេ ប៉ុន្តែការបង្កើតនូវកំហឹង និងការសងសឹកគ្នាជាការងាយស្រួល។ ដូច្នេះការសម្ពោធសមិទ្ធផល នៅថ្ងៃនេះ គឺវាភ្ជាប់ជាមួយនឹងទិដ្ឋភាពជាក់ស្តែង ជាមួយនឹងអ្នកដែលនៅសល់ពីសង្គ្រាម ៕ អត្ថបទ៖ មុត សុទ្ធ






