កងនាវាពិឃាតនៃនាវាផ្ទុកយន្តហោះរបស់ប្រទេសបារាំងមួយក្រុម បានចេញដំណើរទៅចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយកងកម្លាំងរបស់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ សមយុទ្ធនេះ កើតឡើងក្នុងពេលដែលមានសកម្មភាពរបស់ចិន នៅលើដែនសមុទ្រកាន់តែកើនឡើង នៅក្នុងតំបន់។

ក្រុមវាយប្រហារ ដឹកនាំដោយនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ ឆាលស៍ ដេហ្គោល(Charles de Gaulle) បានចេញដំណើរពីមូលដ្ឋានកងទ័ពជើងទឹកក្នុងទីក្រុង Toulon ភាគខាងត្បូងប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍។ នាវានេះ មានប្រវែងជាង២៦០ម៉ែត្រ អាចផ្ទុកយន្តហោះបានរហូតដល់៤០គ្រឿង។

កងទ័ពជើងទឹកបារាំង និយាយថា បុគ្គលិកប្រហែល ៣.០០០នាក់ ស្ថិតនៅក្នុងក្រុមវាយប្រហារនេះ ដែលរួមមាននាវាចម្បាំងការពារដែនអាកាសចំនួន៣គ្រឿង និងនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរមួយគ្រឿង ហើយក្រុមនេះ គ្រោងនឹងឆ្លងកាត់មហាសមុទ្រឥណ្ឌា មុនពេលទៅដល់សមហាសមុទ្រប៉ាស៊ីហ្វិក។
ក្រុមវាយប្រហារនេះ ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយអង្គភាពបរទេសផ្សេងទៀត រួមមានកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន និងកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដើម្បីធ្វើសមយុទ្ធរួមគ្នានៅមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ក្បែរប្រទេសឥណ្ឌូនេស៊ី។
មេបញ្ជាការកងនាវាពិឃាត បាននិយាយថា ការប្រើប្រាស់កម្លាំងនៅជុំវិញពិភពលោក ពេលខ្លះក្លាយជារឿងធម្មតា ទោះបីជានៅទីតាំងគ្មានមនុស្សរស់នៅក៏ដោយ។
លោក បាននិយាយបន្ថែមថា ស្ថានភាពនេះ ជាប្រភពនៃភាពតានតឹង និងអតុល្យភាព ហើយការរក្សាស្ថានភាពដដែល និងសេរីភាពនៃការធ្វើនាវាចរណ៍ដោយមិនស្វែងរកការពង្រីកទឹកដីនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ជារឿងសំខាន់ផងដែរ។