រដ្ឋាភិបាលបាននិយាយនៅថ្ងៃសុក្រ (២៩ វិច្ឆិកា) នេះថា មនុស្ស ៣នាក់បានស្លាប់ និងជាង ៨០.០០០នាក់ ត្រូវបានជម្លៀសចេញពីទឹកជំនន់នៅទូទាំងរដ្ឋជាំច្រើនរបស់ម៉ាឡេស៊ី ខណៈក្រុមមន្ត្រីបានព្រមានថា រដូវមូសុងអាចនាំមកនូវទឹកជំនន់ដ៏អាក្រក់បំផុតសម្រាប់ប្រទេសក្នុងរយៈពេលមួយទសវត្សរ៍។

ទឹកជំនន់គឺជារឿងធម្មតានៅឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបម៉ាឡេស៊ី ក្នុងអំឡុងរដូវមូសុងរវាងខែតុលា និងខែមីនា ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងក្នុងសប្តាហ៍នេះ បាននាំឱ្យមានការជម្លៀសមនុស្សយ៉ាងច្រើន ដែលភាគច្រើននៅក្នុងរដ្ឋ កេឡាន់តាន់ (Kelantan) ភាគឦសានជាប់ព្រំដែនប្រទេសថៃ។

គេហទំព័ររបស់មជ្ឈមណ្ឌលបញ្ជាការគ្រោះមហន្តរាយជាតិបាននិយាយថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ មនុស្ស ៣នាក់បានស្លាប់ ហើយមនុស្ស ៨០.៥៨៩នាក់ ត្រូវបានជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្នចំនួន ៤៦៧កន្លែង នៅក្នុងរដ្ឋចំនួន៧ ដោយរដ្ឋ Kelantan និងរដ្ឋ Terengganu ដែលនៅជិតខាង រងគ្រោះធ្ងន់ធ្ងរបំផុត។

ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយជាតិ លោក Ahmad Zahid Hamidi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទឹកជំនន់ត្រូវបានគេរំពឹងថានឹងធ្ងន់ធ្ងរជាងកាលពីឆ្នាំ២០១៤ នៅពេលដែលមនុស្សជិតមួយភាគបួននៃចំនួនមួយលាននាក់ ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ៕