ក្រសួងការពារជាតិចិន បាននិយាយនៅថ្ងៃសុក្រ (២៩ វិច្ឆិកា) នេះថា យោធាចិន និងរុស្ស៊ីបានរៀបចំ និងអនុវត្តការល្បាតតាមអាកាសយុទ្ធសាស្ត្ររួមគ្នានៅក្នុង "ដែនអាកាសពាក់ព័ន្ធ" លើសមុទ្រជប៉ុន។

នេះគឺជាការល្បាតតាមអាកាសយុទ្ធសាស្ត្ររួមគ្នាលើកទី៩ ហើយរវាងយោធាទាំងពីរចាប់តាំងពីឆ្នាំ២០១៩មក ហើយក្រសួងបានលើកឡើងថា ប្រតិបត្តិការល្បាតនេះគឺផ្អែកលើផែនការប្រចាំឆ្នាំនៃកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី។

កាលពីខែកក្កដា យោធាទាំងពីរបានធ្វើការល្បាតតាមអាកាសរួមគ្នា ដោយប្រើយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដែលមានសមត្ថភាពនុយក្លេអ៊ែរនៅជិតរដ្ឋអាឡាស្កា (Alaska) របស់សហរដ្ឋអាមេរិក នៅប៉ាស៊ីហ្វិកខាងជើង និងតំបន់អាក់ទិក ដែលជំរុញឱ្យសហរដ្ឋអាមេរិក និងកាណាដា បញ្ជូនយន្តហោះចម្បាំងទៅឃ្លាំមើល។

ប្រទេសចិន បាននិយាយនៅពេលនោះថា ការល្បាតបែបនេះមិនសំដៅទៅលើភាគីទីបីណាមួយឡើយ គឺស្របតាមការអនុវត្តអន្តរជាតិប៉ុណ្ណោះ ហើយក៏មិនទាក់ទងទៅនឹងស្ថានភាពតានតឹងបច្ចុប្បន្ននៅក្នុងអន្តរជាតិ និងតំបន់ដែរ៕