អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Avichay Adraee បាននិយាយលើបណ្ដាញសង្គម X នៅថ្ងៃសុក្រ (២៩ វិច្ឆិកា) នេះថា អ្នកស្រុកលីបង់ ត្រូវបានហាមឃាត់មិនឱ្យផ្លាស់ទីទៅភាគខាងត្បូង ទៅកាន់ភូមិរាប់សិបទីតាំង និងតំបន់ជុំវិញនោះ រហូតដល់មានការជូនដំណឹងបន្ថែម។

អ៊ីស្រាអែល និយាយថា ខ្លួនបានបើកការបាញ់ប្រហារឆ្ពោះទៅរកអ្វីដែលខ្លួនហៅថា "ជនសង្ស័យបំពានបទឈប់បាញ់" ជាមួយនឹងរថយន្តជាច្រើនដែលទៅដល់តំបន់ភាគខាងត្បូងនោះ ខណៈក្រុមប្រដាប់អាវុធ ហេសបូឡា បានចោទបកទៅវិញថាអ៊ីស្រាអែល រំលោភកិច្ចព្រមព្រៀង។
នៅក្នុងការបង្ហោះនាពេលថ្មីៗនេះ លោក Adraee បានអំពាវនាវដល់អ្នកស្រុកលីបង់ កុំឱ្យត្រឡប់ទៅភូមិភាគខាងត្បូងជាង ៦០កន្លែង ដោយនិយាយថា អ្នកណាម្នាក់ដែលផ្លាស់ទីទៅភាគខាងត្បូងនៃខ្សែបន្ទាត់ដែលបានបញ្ជាក់នេះ "កំពុងដាក់ខ្លួនឯងឱ្យស្ថិតក្នុងគ្រោះថ្នាក់" ។

ស្ថានភាពតានតឹងនេះបានគូសបញ្ជាក់ពីភាពផុយស្រួយនៃបទឈប់បាញ់ ដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង ដើម្បីបញ្ចប់ជម្លោះឆ្លងព្រំដែនជាងមួយឆ្នាំ។ កិច្ចព្រមព្រៀងនេះមានរយៈពេល ៦០ថ្ងៃក្នុងក្តីសង្ឃឹមដែលឈានដល់ការបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍៕