ប្រជាជននៅក្នុងរដ្ឋធានីប្រទេសឥណ្ឌា នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកានេះ បានសម្តែងការខកចិត្តរបស់ពួកគេចំពោះការបំពុលខ្យល់ដែលកើនឡើង និងបាននិយាយថាពួកគេកំពុងប្រឈមមុខទៅនឹងបញ្ហាសុខភាពជាច្រើន ដោយសារតែគុណភាពខ្យល់កាន់តែយ៉ាប់យ៉ឺន ហើយកង្វក់ខ្យល់ពីផ្សែងអ័ព្ទនៅតែមាន នៅពេលព្រឹកព្រលឹម។

សន្ទស្សន៍គុណភាពខ្យល់ក្នុងប្រទេសនៅទីក្រុងញូវឌេលី ត្រូវបានចាត់ថ្នាក់គុណភាពខ្យល់ ក្នុងប្រភេទ «គ្មានគុណភាព» នៅពេលព្រឹក។
ក្រុមប្រឹក្សាត្រួតពិនិត្យការបំពុលខ្យល់របស់ប្រទេសឥណ្ឌា និយាយថា ជាហានិភ័យដល់មនុស្សដែលកំពុងមានសុខភាពល្អ និង «ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ» ដល់អ្នកទាំងឡាយដែលមានជំងឺស្រាប់»។
តុលាការកំពូលរបស់ប្រទេស កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ វិច្ឆិកា បានបង្គាប់ឱ្យអាជ្ញាធរ ដាក់វិធានការប្រឆាំងការបំពុលខ្យល់ឲ្យបានតឹងរ៉ឹង រហូតដល់ថ្ងៃទី ២ ខែធ្នូ។

រដ្ឋាភិបាលទីក្រុងញូវឌេលី បានរឹតបន្តឹងលើសកម្មភាពសំណង់ និងដំណើរការយានយន្ត ប៉ុន្តែទោះបីជាមានកង្វក់ខ្យល់យ៉ាងណាក៏ដោយ អ្នករស់នៅទីក្រុងឌេលីជាច្រើន បានបន្តទម្លាប់ការងារប្រចាំថ្ងៃរបស់ពួកគេ។