ប្រទេសចិន បានព្រមានហ្វីលីពីនកុំឲ្យទទួលយកការដាក់ពង្រាយប្រព័ន្ធមីស៊ីលរបស់សហរដ្ឋអាមេរិក ដោយអះអាងថា ការធ្វើបែបនេះអាចបណ្តាលឲ្យមានហានិភ័យខ្ពស់ពីការមានជម្លោះ នៅក្នុងសមុទ្រចិនខាងត្បូង។
ការព្រមាននេះបានកើតមានឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បាននិយាយកាលពីដើមខែនេះថា ទីក្រុងម៉ានីលដែលមានជម្លោះដែនដីជាមួយទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង កំពុងពិចារណាដល់ការទិញប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមពីទីក្រុងវ៉ាស៊ីនតោន។
ក្នុងអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែវិច្ឆិកា) អ្នកនាំពាក្យក្រសួងការពារជាតិចិន លោកវរសេនីយ៍ឯក Wu Qian បាននិយាយថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីលបង្កហេតុនេះ ឬហៅថា Typhon នៅប្រទេសហ្វីលីពីន បានធ្វើឲ្យមានការប្រឈមមុខដាក់គ្នា និងភាពតានតឹងកាន់តែខ្លាំងឡើងៗ។
អមដោយការជំរុញឲ្យសហរដ្ឋអាមេរិក និងហ្វីលីពីនដកប្រព័ន្ធមីស៊ីលជាបន្ទាន់នោះ លោក Wu បានបញ្ជាក់បន្ថែមថា៖ «ប្រវត្តិសាស្ត្រ និងការពិត បានបង្ហាញឲ្យឃើញម្តងហើយម្តងទៀតថា កន្លែងដែលមានអាវុធរបស់សហរដ្ឋអាមេរិកដាក់ពង្រាយ នឹងមានហានិភ័យខ្ពស់ពីការមានជម្លោះ ដែលបង្កជាការរងទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនក្នុងតំបន់»។
សារព័ត៌មាន Newsweek បានទាក់ទងទៅមន្ទីរបញ្ចកោណ និងយោធាហ្វីលីពីន ដើម្បីសុំការអត្ថាធិប្បាយ តែមិនទាន់បានចម្លើយនៅឡើយទេ។ គួររំលឹកថា កាលពីខែមេសា កងទ័ពសហរដ្ឋអាមេរិក បានបញ្ជូនជើងទម្របាញ់មីស៊ីល Typhon ទៅកាន់ភាគខាងជើងកោះ Luzon របស់ប្រទេសហ្វីលីពីន ដើម្បីចូលរួមសមយុទ្ធ ដោយនេះជាជើងទម្រដែលអាចបាញ់បានអាវុធ ២ប្រភេទ ទាំងប្រភេទប្រឆាំងលើដី និងលើអាកាស គឺមីស៊ីលតម្រង់គោលដៅ Tomahawk និងមីស៊ីល Standard Missile 6 ដោយមានរយៈចម្ងាយរៀងខ្លួន ១.០០០ម៉ាយល៍ និង ២៩០ម៉ាយល៍៕