ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃសុក្រ (ទី២៩ ខែវិច្ឆិកា) បាននិយាយថា រាល់បណ្តឹងចោទប្រកាន់ណាមួយប្រឆាំងនឹងអនុប្រធានាធិបតីដែលពីមិត្តក្លាយជាសត្រូវ គឺលោកស្រី Sara Duterte ដែលកាលពីចុងសប្តាហ៍បានគំរាមកំហែងអាយុជីវិតរបស់លោកនោះ នឹងគ្រាន់តែធ្វើឲ្យសភាខាតពេលវេលា ហើយមិនបានផ្ដល់ប្រយោជន៍អ្វីដល់ប្រជាជននោះឡើយ។
សមាជិកសភា លោកស្រី France Castro ត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយ ABS-CBN News ដែលបាននិយាយនៅថ្ងៃសុក្រនេះថា សមាជិកសភានៅក្នុងសភាជាន់ទាប គ្រោងនឹងដាក់ពាក្យបណ្តឹងចោទប្រកាន់លោកស្រី Duterte ពីបទក្បត់ទំនុកចិត្តសាធារណៈ ស៊ីសំណូក និងបទឧក្រិដ្ឋកម្រិតខ្ពស់ផ្សេងទៀត ដូចជាការលួចប្លន់ជាដើម។
តែយ៉ាងណាក្ដី ពាក់ព័ន្ធនឹងករណីនេះ លោក Marcos ប្រាប់អ្នកសារព័ត៌មានថា៖ «ហេតុអីក៏ទៅខាតពេលនឹងរឿងនេះ?។ គ្មានអ្វី នឹងជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនហ្វីលីពីន សូម្បីតែមា្នក់។ តាមការយល់របស់ខ្ញុំ វាគ្រាន់តែជាការខ្វល់ខ្វាយនឹងរឿងរ៉ាវតូចតាចប៉ុណ្ណោះ»។
គួរបញ្ជាក់ថា លោកស្រី Duterte បានជាប់ក្នុងជម្លោះដ៏ស្រួចស្រាល់ជាមួយលោក Marcos និងបងប្អូនជីដូនមួយរបស់លោក ដែលជាប្រធានសភា គឺលោក Martin Romualdez គិតចាប់តាំងពីការដួលរលំនៃសម្ព័ន្ធភាពដ៏អស្ចារ្យ រវាងគ្រួសារដ៏មានឥទ្ធិពលទាំង២ ដែលបានជួយឲ្យលោក Marcos ឈ្នះការបោះឆ្នោតឆ្នាំ២០២២ ក្នុងចំនួនដ៏ច្រើន៕