អ្នកការទូតអ៊ឺរ៉ុប និងអ៊ីរ៉ង់ ជួបប្រជុំគ្នា នៅថ្ងៃសុក្រ (ទី២៩ ខែវិច្ឆិកា) ដើម្បីជជែកគ្នាថា តើពួកគេអាចចូលរួមក្នុងកិច្ចពិភាក្សាប្រាកដប្រជា នៅក្នុងសប្តាហ៍ខាងមុខ ដើម្បីដោះស្រាយភាពតានតឹង នៅក្នុងតំបន់ ក្នុងនោះរួមទាំងជុំវិញកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាសរបស់ទីក្រុងតេអេរ៉ង់ មុនពេលដែលលោក Donald Trump វិលត្រឡប់ទៅកាន់សេតវិមានវិញ។
គួរបញ្ជាក់ថា កិច្ចប្រជុំ នៅទីក្រុងហ្សឺណែវរបស់ប្រទេសស្វីស ជាកន្លែងដែលមហាអំណាចពិភពលោក និងអ៊ីរ៉ង់ សម្រេចបានជោគជ័យលើកដំបូង ក្នុងកិច្ចចរចានុយក្លេអ៊ែរ កាលពីជាង ១ទសវត្សរ៍មុន មុនពេលឈានដល់កិច្ចព្រមព្រៀង ក្នុងឆ្នាំ២០១៥ គឺជាជំនួបលើកទី១ គិតចាប់តាំងពីការបោះឆ្នោតអាមេរិក ហើយមានគោលបំណងប្រមើលមើលថា តើសន្ទុះណាមួយអាចកើតឡើងបានដែរ ឬទេ នៅមុនថ្ងៃទី២០ ខែមករា នៅពេលដែលលោក Trump ត្រូវធ្វើពិធីស្បថចូលកាន់តំណែង។
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអ្នកចរចានុយក្លេអ៊ែរជាន់ខ្ពស់ លោក Majid Takhteravanchi ជួបជាមួយអ្នកការទូតជាន់ខ្ពស់មកពីអង់គ្លេស អាល្លឺម៉ង់ និងបារាំង ដែលត្រូវបានគេស្គាល់ថា E3 នាថ្ងៃសុក្រនេះ ដោយបានជួបជាមួយប្រធានសម្របសម្រួលសហភាពអឺរ៉ុប កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
គួរដឹងដែរថា កម្រិតនៃការមិនទុកចិត្តគ្នា រវាងភាគីទាំង២ ត្រូវបានគូសបញ្ជាក់ នៅពេលដែលប្រទេស E3 កាលពីថ្ងៃទី២១ ខែវិច្ឆិកា បានជំរុញទៅមុខជាមួយនឹងសេចក្ដីសម្រេចប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានប្រគល់ភារកិច្ចឲ្យអង្គការឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិរៀបចំរបាយការណ៍ «គ្រប់ជ្រុងជ្រោយ» ស្តីពីសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅនិទាឃរដូវឆ្នាំ២០២៥ បើទោះបីជាកិច្ចប្រឹងប្រែងចុងក្រោយក៏ដោយ ប៉ុន្តែបានដាក់កម្រិតឲ្យអ៊ីរ៉ង់សន្យាទប់ស្កាត់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម៕