ក្រុមអ្នកជួយសង្រ្គោះស្រីលង្កា កាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែវិច្ឆិកា) បានរកឃើញសពក្មេងៗដែលលង់ទឹកចំនួន ៦នាក់ ដោយនាំឲ្យចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងឡើងដល់ ១២នាក់ហើយ ខណៈដែលព្យុះដ៏មានឥទ្ធិពល ប៉ុន្តែបក់បោកក្នុងល្បឿនដ៏យឺត បានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌា។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ (DMC) របស់ទីក្រុងកូឡុំបូ បានឲ្យដឹងថា មនុស្សជាង ៣៣៥.០០០នាក់ នៅក្នុងប្រទេសស្រីលង្កា ត្រូវបានបង្ខំឲ្យចាកចេញ បន្ទាប់ពីផ្ទះសម្បែងរបស់ពួកគេត្រូវបានជន់លិច។
មជ្ឈមណ្ឌលនេះបានប្រាប់ថា បុរស ២នាក់ដែលបើកត្រាក់ទ័រសណ្តោងរ៉ឺម៉កដឹកក្មេងទាំង ៦នាក់ នៅភាគខាងកើតតំបន់ Amara នៅពេលដែលត្រាក់ទ័រនោះត្រូវបានទឹកហូរនាំទៅនោះ នៅតែបាត់ខ្លួននៅឡើយ។ ការស្វែងពួកគេ រកនៅតែបន្តធ្វើ។
ចំណែកមន្ត្រីឧតុនិយមឥណ្ឌា បាននិយាយថា អាចទៅរួចដែលថា សម្ពាធធ្លាក់ចុះដ៏ខ្លាំង នៅឈូងសមុទ្រ Bengal ភាគនិរតី អាចធ្វើឲ្យព្យុះនេះវិវត្តទៅជាព្យុះស៊ីក្លូន។ ព្យុះស៊ីក្លូន ដែលស្មើនឹងខ្យល់ព្យុះ នៅតំបន់អាត្លង់ទិកខាងជើង ឬព្យុះទីហ្វុង នៅភាគពាយ័ព្យប៉ាស៊ីហ្វិក គឺជាការគំរាមកំហែងជាប្រចាំ និងដ៏អាក្រក់ នៅក្នុងតំបន់។
ដោយបានបក់បោកកាត់ឆ្នេរសមុទ្ររបស់ប្រទេសស្រីលង្កា ឥឡូវនេះ ព្យុះនេះកំពុងធ្វើដំណើរទៅភាគខាងជើងឆ្ពោះទៅរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌា៕