ក្រុមអ្នករៀបចំ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែវិច្ឆិកា) បាននិយាយថា បុគ្គលិករបស់ក្រុមហ៊ុន Amazon នៅក្នុងប្រទេសជាង ២០ ក្នុងនោះរួមទាំងសហរដ្ឋអាមេរិកផងដែរ គ្រោងនឹងធ្វើកូដកម្ម ក្នុងអំឡុងពេលការដើរទិញអីវ៉ាន់ដ៏មមាញឹក នៅមុនបុណ្យណូអែល ចន្លោះថ្ងៃ Black Friday និង Cyber Monday ដើម្បីទាមទារ «ឲ្យក្រុមហ៊ុន Amazon ទទួលខុសត្រូវ»។
បើយោងតាមអ្នករៀបចំ គឺសហជីព UNI Global Union និង Progressive International បានឲ្យដឹងថា «ថ្ងៃនៃការតស៊ូ» នេះ មានគោលបំណងទាមទារ «ឲ្យក្រុមហ៊ុន Amazon ទទួលខុសត្រូវ ចំពោះការរំលោភបំពាន (ពលកម្ម) ការធ្វើឲ្យខូចបរិស្ថាន និងការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយ FOX Business លោក Christy Hoffman អគ្គលេខាធិការសហជីព UNI Global Union បាននិយាយថា៖ «មិនថាពួកគេចំណាយច្រើនប៉ុន្មាន ដើម្បីប្រយុទ្ធជាមួយេពួកយើងនោះទេ សាជីវកម្មដូចជា Amazon នេះ មិនអាចបំបែកកម្លាំងសាមគ្គីរបស់កម្មករបានឡើយ»។
លោកបានបន្ថែមថា៖ «ពីប្រទេសឥណ្ឌា ទៅសហរដ្ឋអាមេរិក ពីចក្រភពអង់គ្លេស រហូតដល់ប្រទេសកាណាដា កម្មករកំពុងមានកាន់តែច្រើនឡើងៗ ប្រឆាំងនឹងការកេងប្រវ័ញ្ច និងការគំរាមកំហែងពីសាជីវកម្មនេះ។ ការតវ៉ាឲ្យក្រុមហ៊ុន Amazon ទទួលខុសត្រូវ គឺជាសក្ខីភាពដ៏មានអានុភាព ចំពោះសាមគ្គីភាព និងសន្ទុះរបស់យើង។ គ្មានក្រុមហ៊ុន អាចបំបិទបុព្វហេតុមិនឲ្យកម្មករទាមទារយុត្តិធម៌បាននោះឡើយ ពោលគឺមិនថា មានទ្រព្យសម្បត្តិប៉ុណ្ណានោះទេ»។
អ្នករៀបចំបាននិយាយថា ប្រទេសដែលមានកម្មករធ្វើកូដកម្ម រួមមានសហរដ្ឋអាមេរិក ជាកន្លែងដែលបុគ្គលិកនឹងធ្វើកូដកម្មនៅក្នុងទីក្រុងធំៗ ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុន ប្រេស៊ីល ឥណ្ឌា និងទួរគី៕