អភិបាលក្រុមអាតែន លោក Haris Doukas បានប្រារព្ធការចាប់ផ្តើមរដូវកាលវិស្សមកាលកាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងពិធីបើកភ្លើងបំភ្លឺដើមណូអែលដ៏ស្រស់បំព្រង នៅទីលានចតុរង្គសំខាន់របស់រដ្ឋធានីប្រទេសក្រិកមួយនេះ ទល់មុខអគារសភាក្រិក ។
អ្នកស្រុក និងភ្ញៀវទេសចររាប់រយនាក់ បានជួបជុំគ្នានៅទីលានចតុរង្គ Syntagma ដែលតុបតែងដោយផ្កាយ ម្រេញគង្វាល និងលោកតា Nutcracker ដើម្បីចូលរួមពិធីបុណ្យ និងស្ញប់ស្ញែញចំពោះដើមណូអែលកម្ពស់ ២០ម៉ែត្រ ដែលនាំយកមកពីតំបន់ភាគខាងជើងប្រទេសក្រិក ។
ពិធីបុណ្យណូអែល នឹងរៀបចំឡើងពេញមួយខែធ្នូ រួមទាំងផ្សារណូអែល និងការប្រគុំតន្រ្តីនៅក្នុងទីក្រុង ការបាញ់កាំជ្រួចផ្កាភ្ញី ១ថ្ងៃមុនថ្ងៃបុណ្យចូលឆ្នាំសកល ។
នាង Elena គឺជានិស្សិតវ័យ ២៤ឆ្នាំ និយាយថា វាពិតជាស្អាតខ្លាំងណាស់ ពេលតុបតែងផ្កាយនៅលើដើមណូអែលបែបនេះ ។ ម្យ៉ាងវិញទៀត មនុស្សបានជួបជុំគ្នាមើលអ្វីមួយដូចជាមិនសំខាន់ទេ ប៉ុន្តែក្នុងពេលតែមួយ វាជាអ្វីដែលស្រស់ស្អាតបំផុត ។
ចំណែកឯអ្នកស្រី Maria Kanlelaki គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងអាតែន និយាយថា គាត់គិតថា វាគឺជារឿងសប្បាយរីករាយសម្រាប់កុមារ និងមនុស្សក្មេងៗ ពួកគេនឹងថតរូបច្រើន ។ គាត់គិតថា បុណ្យណូអែល នឹងនាំសុខភាពល្អដល់អ្នករាល់គ្នា ។
ដោយឡែក លោក Antreas Athanasopoulos គឺជាមន្រ្តីរដ្ឋការវ័យ ២៧ឆ្នាំ និយាយដែរថា ការបើកភ្លើងបំភ្លឺដើមណូអែល ជាការចាប់ផ្តើមភាពសប្បាយរីករាយ ក្តីសង្ឃឹម សុភមង្គល គោលដៅថ្មី សុទិដ្ឋិនិយម ។ វាគឺជាអ្វីមួយដែលសំខាន់ខ្លាំងណាស់សម្រាប់ទីក្រុងរបស់ពួកយើង ហើយពួកយើងសង្ឃឹមថា ឆ្នាំថ្មី នឹងនាំអ្វីៗល្អទាំងអស់មកកាន់ពួកយើង ៕