ស៊ូដង់៖ មនុស្សយ៉ាងហោចណាស់ ៧នាក់ត្រូវគេរាយការណ៍ថាបានស្លាប់ និង ១៤០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីទាហានបានបាញ់ស្រោចទៅលើហ្វូងមនុស្សដែលកំពុងចេញតវ៉ាប្រឆាំង ទៅនឹងការដណ្ដើមអំណាចពីសំណាក់យោធានៅក្នុងប្រទេសស៊ូដង់។

ក្រុមបាតុករបានចេញតវ៉ាពេញតាមដងផ្លូវ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធបានរំលាយរដ្ឋាភិបាលស៊ីវិល ដោយបានចាប់ខ្លួនក្រុមមេដឹកនាំនយោបាយ និងប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នកាលពីថ្ងៃចន្ទ។ ទាហានត្រូវគេរាយការណ៍ថា បានដើរឆែកឆេរតាមផ្ទះពីផ្ទះមួយទៅផ្ទះមួយនៅក្នុងរដ្ឋធានីកាទូម ចាប់ខ្លួនក្រុមអ្នករៀបចំការតវ៉ាក្នុងតំបន់។ ក្រសួងព័ត៌មានរបស់ប្រទេសនេះបាននិយាយថា កងកម្លាំងយោធាបានចាប់ខ្លួននាយករដ្ឋមន្ត្រីស្ដីទី និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់ប្រទេសស៊ូដង់ កាត់ផ្ដាច់បណ្ដាញអ៊ីនធឺណិត និងបិទស្ពាននៅក្នុងរដ្ឋធានី ដោយហៅសកម្មភាពនេះថាជារដ្ឋប្រហារ។

រដ្ឋប្រហារនេះត្រូវបានរងការថ្កោលទោសពីជុំវិញពិភពលោក ហើយសហរដ្ឋអាមេរិកបានបញ្ឈប់ការផ្ដល់ថវិកាជាជំនួយចំនួន ៧០០លានដុល្លារ។ មេដឹកនាំរដ្ឋប្រហារនេះគឺលោកឧត្ដមសេនីយ៍ Abdel Fattah Burhan បានស្ដីបន្ទោសចំពោះការប៉ះទង្គិចខាងនយោបាយ។ ការតវ៉ាបានផ្ទុះឡើងនៅក្នុងទីក្រុងមួយចំនួនរួមទាំងរដ្ឋធានីកាទូម។ គេនិយាយថា មនុស្ស ៣នាក់បានស្លាប់ដោយសារកងកម្លាំងប្រដាប់អាវុធបាញ់រះ។ មនុស្សរាប់ម៉ឺននាក់បានតវ៉ានៅតាមដងផ្លូវនានា ដើម្បីទាមទារឲ្យរបបដឹកនាំស៊ីវិលត្រឡប់មកវិញ៕
អត្ថបទ៖ សុខមាន