រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ចក្រភពអង់គ្លេស លោកស្រី Louise Haigh បានលាលែងពីតំណែងហើយ បន្ទាប់ពីបានផ្ដល់ចម្លើយពីភាពមានទោស កាលពីប៉ុន្មានឆ្នាំកន្លងទៅ ចំពោះបទល្មើសមួយ ពាក់ព័ន្ធនឹងការធ្វើឲ្យនគរបាលយល់ច្រលំ ជុំវិញការបាត់ទូរសព្ទចល័តរបស់ក្រុមការងារ ដែលការសម្រេចបែបនេះ គឺជាការផលប៉ះពាល់ដ៏ធំមួយទៀត ចំពោះលោកនាយករដ្ឋមន្ត្រី Keir Starmer។
ការចាកចេញពីតួនាទីរបស់លោកស្រី ដែលជាអ្នកដំបូងគេនៃក្រុមរដ្ឋមន្ត្រីជាន់ខ្ពស់របស់លោក Starmer គិតចាប់តាំងពីបានឈ្នះការបោះក្នុងសំឡេងដ៏លើសលប់ កាលពីខែកក្កដា បានកើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថា លោកស្រីត្រូវបានកាត់ទោស និងដោះលែងដោយមានលក្ខខណ្ឌ នៅក្នុងឆ្នាំ២០១៤ ចំពោះអ្វីដែលលោកស្រីបានពិពណ៌នាថា ជា «កំហុស»។
នៅក្នុងលិខិតផ្ញើទៅកាន់លោក Starmer កាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែវិច្ឆិកា) លោកស្រី Haigh បានរៀបរាប់ថា លោកបានប្រាប់នគរបាលថា លោកស្រីបានបាត់ទូរសព្ទដៃ ក្នុងអំឡុងពេលមានការលួច «គួរឲ្យភ័យខ្លាច» មួយ នៅខាងក្រៅផ្ទះ កាលពីឆ្នាំ២០១៣ ស្រាប់តែក្រោយមកដឹងថា ទូរសព្ទនៅតែនៅក្នុងផ្ទះរបស់លោកស្រីដដែល។
នៅក្នុងលិខិតលាលែងពីតំណែងដែលចែករំលែកដោយការិយាល័យរបស់លោក Starmer នាព្រឹកព្រលឹមថ្ងៃសុក្រ (ទី២៩ ខែវិច្ឆិកា) នេះ លោកស្រី Haigh បានប្រាប់ថា លោកស្រីកំពុងលាចាកពីតំណែង ដោយសារបញ្ហានេះ «នឹងក្លាយជាការរំខានដោយចៀសមិនរួច ចំពោះការអនុវត្តការងាររបស់រដ្ឋាភិបាលនេះ និងការប្ដេជ្ញាចិត្តរបស់យើងលើគោលនយោបាយនានា»។
លោកស្រីបានបន្ថែមថា៖ «ខ្ញុំនៅតែប្តេជ្ញាចិត្តទាំងស្រុង ចំពោះគម្រោងនយោបាយរបស់យើង ប៉ុន្តែឥឡូវនេះ ខ្ញុំជឿថា វានឹងជាការស័ក្តិសមបំផុត ក្នុងការបង្ហាញការគាំទ្ររបស់ខ្ញុំ ដោយមិនចាំស្ថិតក្នុងជួររដ្ឋាភិបាល»។
លោក Starmer បានថ្លែងអំណរគុណដល់លោកស្រី Haigh ចំពោះការបំពេញការងាររបស់លោកស្រី និងចំពោះអ្វីទាំងអស់ដែលលោកស្រីបានធ្វើ «ដើម្បីបម្រើដល់របៀបវារៈដឹកជញ្ជូនដ៏ធំរបស់រដ្ឋាភិបាលនេះ»៕