វាយកូនបាល់៖ កីឡាករ-កីឡាការិនីវាយកូនបាល់ដែលមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅតែត្រូវបានអនុញ្ញាតឱ្យប្រកួតនៅព្រឹត្តិការណ៍ Grand Slam, Australian Open តែត្រូវប្រឈមនឹងវិធានការសុខាភិបាលតឹងរ៉ឹង។ កន្លងមកបើតាមការបញ្ជាក់របស់រដ្ឋបាលរដ្ឋ Victoria ប្រទេសអូស្ត្រាលីលោក Daniel Andrews ឱ្យដឹងថា លោកមិនគិតថាអ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍ Australian Open អាចមកកាន់ទីក្រុងប្រកួតបានឡើយ ប្រសិនពួកគេមិនបានចាក់វ៉ាក់សាំងគ្រប់ចំនួននោះទេ។

តែក្រោយមកបន្ទាប់ពីមានការជជែកគ្នា ជាមួយសមាគមកីឡាវាយកូនបាល់អន្តរជាតិក៏មានការសម្របសម្រួលឡើងវិញ។ បើតាម ATP កីឡាករវាយកូនបាល់ប្រមាណ ៣៥% នៅមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ។ សូមបញ្ជាក់ដែរថា កីឡាករលំដាប់លេខ ១ ពិភពលោក Novak Djokovic សប្តាហ៍មុនបានបដិសេធមិនបង្ហាញថា ខ្លួនបានចាក់វ៉ាក់សាំងរឺក៏អត់ ហើយក៏បានបង្ហើបថាមិនទាន់ច្បាស់ថា នឹងចូលរួមការពារតំណែងជើងឯករបស់ខ្លួន រឺក៏អត់ផងដែរ។ ម្ចាស់ជើងឯក Grand Slam ២០លើករូបនេះបាននិយាយក្នុងកិច្ចសម្ភាសន៍នៅប្រទេសស៊ែបថា ការចាក់វ៉ាក់សាំង រឺក៏អត់គឺជារឿងផ្ទាល់ខ្លួនរបស់គេ មិនចាំបាច់ត្រូវនិយាយជាសាធារណនោះឡើយ។ ព្រឹត្តិការណ៍ Grand Slam, Australian Open នឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២២៕
អត្ថបទ៖នាង សុភាវុធ