តុលាការកំពូលនៃប្រទេសហូឡង់ នៅថ្ងៃសុក្រ (ទី២៩ ខែវិច្ឆិកា) នេះ ត្រូវបានអគ្គមេធាវីរបស់ខ្លួនប្រាប់ឲ្យតម្កល់សេចក្តីសម្រេច ដែលកំណត់ថា រដ្ឋហូឡង់ត្រូវតែបញ្ឈប់ការនាំចេញទៅកាន់ប្រទេសអ៊ីស្រាអែលនូវគ្រឿងបន្លាស់ សម្រាប់យន្តហោះចម្បាំង F-35។
គួររំលឹកថា កាលពីខែកុម្ភៈ សាលាឧទ្ធរណ៍ក្រុងឡាអេ បានបញ្ជាឲ្យរដ្ឋាភិបាលទប់ស្កាត់ការនាំចេញទាំងនោះ ដោយសារមានការព្រួយបារម្ភ ដែលថា ពួកវាត្រូវបានយកទៅប្រើប្រាស់បំពានច្បាប់អន្តរជាតិ អំឡុងសង្រ្គាម នៅតំបន់ហ្កាហ្សា ដែលជំរុញឲ្យរដ្ឋាភិបាលស្វែងរកដំបូន្មានពីតុលាការកំពូល។
ប្រទេសហូឡង់គឺជាទីតាំងមួយនៅក្នុងក្នុងតំបន់ ក្នុងចំណោមទីតាំងមួយចំនួនដែលឃ្លាំងផ្ទុកគ្រឿងបន្លាស់ F-35 របស់សហរដ្ឋអាមេរិក ដែលត្រូវបានចែកចាយដល់ប្រទេសនានា ដែលស្នើសុំសម្ភារៈបរិក្ខាទាំងនោះ ក្នុងនោះរួមទាំងអ៊ីស្រាអែលផងដែរ ដែលបានដឹកជញ្ជូនយ៉ាងហោចណាស់ម្ដង គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
ទីប្រឹក្សាតុលាការបានប្រាប់ថា៖ «យោងតាមអគ្គមេធាវី (របស់តុលាការកំពូល) បានឲ្យដឹងថា សាលាឧទ្ធរណ៍មានទឡ្ហីករណ៍ត្រឹមត្រូវ ក្នុងការរកឃើញថា មានហានិភ័យយ៉ាងជាក់ច្បាស់ដែលយន្តហោះចម្បាំង F-35 របស់អ៊ីស្រាអែល ត្រូវបានប្រើប្រាស់ ដើម្បីប្រព្រឹត្តការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប»។
ជាមួយគ្នានេះ តុលាការកំពូល បានបញ្ជាក់ថា ខ្លួននឹងសម្រេចលើបណ្តឹងឧទ្ធរណ៍ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយមិនបានផ្តល់កាលបរិច្ឆេទជាក់លាក់ឡើយ។
ក្រុមសិទ្ធិមនុស្សដែលបាននាំយកសំណុំរឿងឡើងមក ដើម្បីប្រឆាំងនឹងរដ្ឋ ក្នុងនោះរួមទាំងសម្ព័ន្ធរបស់អង្គការសប្បុរសធម៌ Oxfam របស់ប្រទេសហូឡង់ផងដែរ បានស្វាគមន៍ចំពោះការផ្ដល់ដំបូន្មានទៅកាន់តុលាការនេះ៕