ប្រទេសចិន នៅថ្ងៃសុក្រ (ទី២៩ ខែវិច្ឆិកា) បាននិយាយថា ខ្លួនមានឆន្ទៈ ក្នុងការធ្វើការរួមគ្នា ពាក់ព័ន្ធនឹងការស៊ើបអង្កេត ជុំវិញការដាច់ខ្សែកាបបង្កប់ក្រោមសមុទ្របាល់ទិកចំនួន ២ខ្សែ ដែលត្រូវបានភ្ជាប់ទៅនឹងនាវារបស់ចិន បន្ទាប់ពីស៊ុយអែតបានស្នើសុំឲ្យកិច្ចសហប្រតិបត្តិការពីទីក្រុងប៉េកាំង។
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «ប្រទេសចិនមានឆន្ទៈសហការជាមួយប្រទេសពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកការពិត»។ លោកស្រីបានបន្ថែមថា៖ «បច្ចុប្បន្ននេះ ប្រទេសចិន និងស៊ុយអែត កំពុងបន្តទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជុំវិញបញ្ហានេះ»។
គួររំលឹកថា ផ្នែកនៃខ្សែកាបទូរគមនាគមន៍ចំនួន ២ខ្សែ ត្រូវបានធ្វើដាច់ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា និងថ្ងៃទី១៨ ខែវិច្ឆិកា ក្នុងដែនទឹកសមុទ្របាល់ទិករបស់ស៊ុយអែត ម្ដុំឆ្នេរសមុទ្ររបស់ប្រទេសដាណឺម៉ាក។
ការសង្ស័យត្រូវបានដាក់ទៅលើកនាវាចិនឈ្មោះ Yi Peng 3 ដែលស្ថាប័នតាមដាននាវា បាននឲ្យដឹងថា បានបើកលើខ្សែកាបទាំងនោះ ក្នុងរង្វង់ពេលដែលខ្សែកាបទាំង ២ខ្សែ ត្រូវបានធ្វើឲ្យដាច់ ទោះបីជាមិនមានអ្វីបង្ហាញថា នាវានេះមានពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះក៏ដោយ។
ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកាមក នាវា Yi Peng 3 នៅតែបោះយុថ្កាចតក្នុងច្រកសមុទ្រ Kattegat រវាងប្រទេសស៊ុយអែត និងដាណឺម៉ាក៕

