តុលាការកំពូល គឺតុលាការយុត្តិធម៌អន្តរជាតិ(ICJ)របស់អង្គការសហប្រជាជាតិ(UN) នឹងចាប់ផ្តើមសវនាការនៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ ដើម្បីផ្តល់ប្រឹក្សាលើកាតព្វកិច្ចរបស់រដ្ឋ ពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ និងទំនួលខុសត្រូវហិរញ្ញវត្ថុរបស់ប្រទេសនិមួយៗ សម្រាប់ការរួមចំណែករបស់ពួកគេចំពោះការឡើងកម្តៅផែនដី ។
វ៉ានូអាទូ នឹងក្លាយជាប្រទេសដំបូងក្នុងចំណោមប្រទេសចំនួន ៩៨ និងអង្គការអន្តរជាតិចំនួន ១២ បង្ហាញជម្លោះរបស់ពួកគេដល់ ICJ ដែលគេស្គាល់ថាជាតុលាការពិភពលោក ។
កាលពីឆ្នាំ ២០២៣ មហាសន្និបាត UNបានស្នើសុំតុលាការមួយនេះនូវគំនិតផ្លូវការលើសំនួរជាច្រើន រួមទាំងសំនួរថាតើរដ្ឋធំៗដែលរួមចំណែកឲ្យមានការបំភាយឧស្ម័នផ្ទះកញ្ចក់ អាចមានទំនួលខុសត្រូវដែរឬអត់ សម្រាប់ការខូចខាតបណ្តាលឲ្យកើតមានលើប្រទេសកោះតូចៗ ។

ផលប៉ះពាល់នៃនីវ៉ូទឹកកើនឡើងខ្ពស់លើប្រទេសកោះជាច្រើន ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវបានចាត់ទុកថាមានខ្ពស់មិនសមាមាត្រគ្នា ចាប់តាំងពីការឡើងកម្រិតទឹកជាមធ្យម ១ម៉ែត្រ ឬ ២ម៉ែត្រពីលើនីវ៉ូ សមុទ្រ ហើយភាគច្រើននៃពលរដ្ឋរស់នៅតាមតំបន់ជិតឆ្នេរសមុទ្រ ។
យោងតាមរបាយការណ៍អង្គការឧតុនិយមពិភពលោកចេញកាលពីខែសីហា ឆ្នាំ ២០២៤ដោយអគ្គលេខាធិការ UNលោក António Guterres និងអគ្គលេខាធិការអង្គការ WMO លោកស្រី Celeste Saulo នៅឯវេទិកាកោះប៉ាស៊ីហ្វិកក្នុងប្រទេសតុងហ្គា បានឲ្យដឹងថា កម្រិតទឹកសមុទ្រកើនឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកកំពុងលើសពីកម្រិតមធ្យមពិភពលោក ៕
