នគរបាលបាននិយាយថា ដងស្ទូចបានធ្លាក់បាក់ក្នុងការដ្ឋានសំណង់មួយកន្លែង នៅខាងក្រៅរដ្ឋធានីរបស់ប្រទេសថៃ នាថ្ងៃសុក្រ (ទី២៩ ខែវិច្ឆិកា) នេះ ដោយបានបណ្ដាលឲ្យកម្មករយ៉ាងហោចណាស់ ៣នាក់ស្លាប់ និង ១០នាក់ផ្សេងទៀតរងរបួស។
គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី២៩ ខែវិច្ឆិកានេះ ក្នុងខេត្ត Samut Sakhon នៅភាគខាងលិចទីក្រុងបាងកក នៅពេលដែលដងស្ទូចសាងសង់ស្ពានអាកាស បានដួលរលំ។
លោក Detchanakorn Chanthaphum មកពីស្នងការនគរបាលខេត្ត Samut Sakhon បានប្រាប់សារព័ត៌មាន AFP ថា កម្មករ ៣នាក់ បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ ហើយ ១០ នាក់ផ្សេងទៀតបានរងរបួស ដោយអ្នកខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ»។ ដោយបន្ថែមថា ពួកគេបានស្លាប់ភ្លាមៗនោះ លោក Chanthaphum បាននិយាយថា៖ «យើងបានឃើញសពជនរងគ្រោះ ៣នាក់ហើយ» ។
ក្រុមវិស្វករ និងនគរបាលកំពុងស៊ើបអង្កេតមូលហេតុនៃការធ្លាក់បាក់នេះ ដែលអាជ្ញាធរសង្ស័យថា បណ្តាលមកពីធ្នឹមលើសទម្ងន់។
នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra បានសម្ដែងការចូលរួម «រំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ» តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X ហើយបាននិយាយថា រដ្ឋាភិបាលនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតឧបទ្ទវហេតុនេះ៕
