មេទ័ពអ៊ុយក្រែន លោក Oleksandr Syrskyi នៅថ្ងៃសុក្រ (ទី២៩ ខែវិច្ឆិកា) នេះ បាននិយាយថា លោកនឹងពង្រឹងកងទ័ពដែលដាក់ពង្រាយនៅសមរភូមិជួរមុខភាគខាងកើត ដោយបន្ថែមកងកម្លាំងបម្រុង គ្រាប់រំសេវ និងគ្រឿងយុទ្ធោបករណ៍ផ្សេងៗ បន្ទាប់ពីលោកបានធ្វើដំណើរទៅមើលទីតាំងសំខាន់ៗចំនួន ២កន្លែង ដែលត្រូវបានកាន់កាប់ដោយអ៊ុយក្រែន នៅក្នុងតំបន់ Donetsk។
គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ីកំពុងរុលទៅមុខ ក្នុងតំបន់ Donetsk ក្នុងល្បឿនដ៏លឿនបំផុត គិតចាប់តាំងពីប៉ុន្មានថ្ងៃដំបូងនៃការលុកលុយ ក្នុងឆ្នាំ២០២២ ហើយក្រសួងការពារជាតិ នៅទីក្រុងមូស្គូ នាថ្ងៃសុក្រនេះ បានអះអាងពីគ្រប់គ្រងលើភូមិឋានថ្មីចំនួន ២ នៅទីនោះ។
ប៉ុន្តែលោក Syrskyi បាននិយាយថា កងកម្លាំងអ៊ុយក្រែនកំពុងបន្តវាយរុញច្រានការរុលទៅមុខរបស់រុស្ស៊ីនេះ បន្ទាប់ពីលោកបានទៅកាន់អង្គភាព នៅជិតទីក្រុង Pokrovsk និង Kurakhhove។
លោក Syrskyi បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «ផ្អែកលើលទ្ធផលនៃការងារ ការសម្រេចចិត្តចាំបាច់ទាំងអស់ ត្រូវបានធ្វើឡើង ដើម្បីពង្រឹងអង្គភាព ដោយបន្ថែមកងកម្លាំងបម្រុង គ្រាប់រំសេវ អាវុធ និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀត»។
លោកបានបន្ថែមថា៖ «យើងបន្តរារាំងសត្រូវ ហើយបានផ្ដល់ការខាតបង់យ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកកម្លាំងមនុស្ស និងគ្រឿងយុទ្ធោបករណ៍របស់ពួកគេ»៕