ពលរដ្ឋលីបង់នាំគ្នាដើរដោយស្ងៀមស្ងាត់ ឆ្លងកាត់គំនរបាក់បែកព្រះវិហារនៅសង្កាត់ Tayr Debba ស្ថិតក្នុងទីក្រុង Tyre នៅភាគខាងត្បូងលីបង់ ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារការវាយប្រហាររបស់អ៊ីស្រាអែល មុនពេលបទឈប់បាញ់ឈានដល់ក្នុងសប្តាហ៍នេះ ។
លោក Hussein Jashi គឺជាតំណាងរាស្រ្តក្រុមហេសបូឡាដែលបានធ្វើដំណើរទៅកាន់ទីនោះ និយាយថា នេះហើយគឺជាស្លាកស្នាមនៃការបំផ្លិចបំផ្លាញវិហារអាយុកាល ១រយឆ្នាំ ។
លោកថា បើសត្រូវនិយាយថា ពួកគេមានគោលដៅលើក្រុមចលនាតស៊ូ តើហេតុអ្វីបានជាវិហារ និងកន្លែងទីសក្ការៈបូជាក្លាយជាគោលដៅនៃការវាយប្រហារទៅកើត? សត្រូវវាយប្រហារព្រះវិហារនៅតំបន់ Derdghaiya ផងដែរ ។
វិហារកាតូលិកក្រិក Melkite ស្ថិតនៅក្នុងតំបន់ Derdghaiya ដែលក្រុមមន្រ្តីក្នុងស្រុកនិយាយផងដែរថា វាមានអាយុកាល ១សតវត្សរ៍ ត្រូវបានបំផ្លិចបំផ្លាញគ្មានសល់នៅថ្ងៃទី ២នៃបទឈប់បាញ់ដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃពុធ ។ មនុស្សនាំគ្នាដើរកាត់កម្ទេចកម្ទីដោយគ្មានកន្លែងបួងសួង ។
លោក Issam Matar គឺជាមន្រ្តីក្នុងស្រុកមួយរូប និយាយថា ពួកយើងប្រឈមនឹងការឈ្លានពានដូចគ្នានឹងតំបន់ផ្សេងទៀតដែរនៅក្នុងប្រទេសលីបង់ ។
វាហាក់បីដូចជាបទឈប់បាញ់ដ៏ផុយស្រួយមួយ ក្នុងនោះអ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក Avichay Adraee និយាយនៅលើបណ្តាញព័ត៌មានសង្គម Xនាថ្ងៃសុក្រនេះថា ពលរដ្ឋលីបង់ត្រូវបានហាមឃាត់ពីការធ្វើដំណើរទៅកាន់តំបន់ភាគខាងត្បូង ទៅកាន់ភូមិរបស់ពួកគេ រហូតដល់មានការជូនដំណឹងបន្ថែមទៀត ។
អ៊ីស្រាអែល និយាយថា ខ្លួនបានបើកការបាញ់ប្រហារកាលពីថ្ងៃព្រហស្បតិ៍លើអ្វីដែលពួកគេចាត់ទុកថាជាជនសង្ស័យនៅក្នុងរថយន្តធ្វើដំណើរទៅដល់តំបន់ជាច្រើននៅតំបន់ភាគខាងត្បូង និងជាអ្វីដែលពួកគេបាននិយាយថា វាគឺជាការបំពានបទឈប់បាញ់ជាមួយក្រុមហេសបូឡា ដែលបានចូលជាធរមានកាលពីព្រឹកថ្ងៃពុធ ។
ជាការឆ្លើយតបវិញ តំណាងរាស្រ្តក្រុមហេសបូឡាលោក Hassan Fadlallah បានចោទប្រកាន់អ៊ីស្រាអែលថា បានបំពានកិច្ចព្រមព្រៀង និងបានចោទប្រកាន់អ៊ីស្រាអែលថា ពួកគេបានបាញ់ប្រហារលើពលដ្ឋដែលវិលត្រឡប់ទៅកាន់ភូមិតាមព្រំដែនរបស់ខ្លួនវិញ ៕