ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ស្អែកនេះ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀងរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងមានការចូលរួមពីវិស័យឯកជន នឹងរៀបចំវេទិកាការងារ នៅក្រុងបាវិត ខេត្តស្វាយរៀង។
វេទិកាការងារនេះ នឹងនាំយកឱកាសការងារចំនួន៤៦០កន្លែង ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋ និងអ្នកកំពុងស្វែងរកការងារធ្វើ នៅផ្លូវជាតិលេខ១ ភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនដោយផ្ទាល់ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។
លោក ទេព បញ្ញា ប្រធានផ្នែករដ្ឋបាលរោងចក្រកាត់ដេរ បានឲ្យដឹងថា ក្រុមហ៊ុនលោកនឹងនាំយកឱកាសការងារចំនួន ៤៦០កន្លែង សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋក្នុងខេត្ត ដោយក្នុងនោះក្រុមហ៊ុនកំពុងជ្រើសរើសបុគ្គលិកក្នុងមុខតំណែងជាច្រើនដូចជា អ្នកបកប្រែចិន កម្មករកាត់ដេរ កម្មករខ្សែរទឹកហូរ ផ្នែកតុកាត់ ផ្នែកឃ្លាំង និងផ្នែកព្រីនពុម្ពជាដើម។ លោកបន្ថែមថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋទូទៅ ទោះមាន ឬមិនទាន់មានបទពិសោធន៍ការងារ ក៏អាចមកចូលរួមក្នុងវេទិកានេះបានដែរ៕





