ពានរង្វាន់ស្វាយរៀង ស៊ុបភើ ខាប់ ត្រូវបានរចនាឡើងដោយសម្រិតសម្រាំងទៅលើគ្រប់ចំណុច នៃតួផ្ទៃរបស់ពានទាំងមូល ត្រូវបានរំលេចឡើងដោយក្បូរក្បាច់រចនាផ្សេងៗ និងរូបតំណាង ដែលបង្ហាញនូវអត្តសញ្ញាណ ព្រមទាំងមានបង្កប់នូវអត្ថន័យនានាអំពីខេត្តស្វាយរៀង និងសម្ភារៈបុរាណខ្មែរ។
*កំពូលពាន (ផ្ទៃខាងមុខ និងខាងក្រោយ) : រចនាឡើងដោយយកលំនាំតាមសម្ភារៈខ្មែរមួយប្រភេទ មានឈ្មោះថា “តោក” ដែលមានមុមចំនួន ៨ ដែលបានឆ្លាក់ព័ទ្ធជុំវិញទៅដោយឈ្មោះ ស្រុក-ក្រុង ទាំង ៨ នៃខេត្តស្វាយរៀង។
*ផ្នែកកណ្តាលពាន : ផ្ទៃខាងមុខត្រូវបានរំលេចដោយពាក្យ ស្វាយរៀង ស៊ុបភើខាប់ ជាអក្សរឡាតាំង។ ចំណែកឯងផ្ទៃខាងក្រោយ គឺរំលេចចេញនូវរូបផែនទីទាំងមូល របស់ខេត្តស្វាយរៀង។ ផ្នែកកណ្ដាលពានទាំងសងខាង ត្រូវបានរចនាអមដោយដៃពានមានរាងជាស្នែងគោ ដោយយកតាមលំនាំនៃរចនាបថចម្លាក់លោហៈធាតុមួយប្រភេទ របស់បុរាណខ្មែរកាលសម័យដើម កំលុងសតវត្សទី១១-១២។
*ផ្នែកទម្រនៃផ្ទៃកណ្ដាលពាន : ត្រូវបានរួមបញ្ចូលនូវរចនាបថចំនួនពីរ ក្នុងនោះ ៖ ១.មានសណ្ឋានជាក្បាលគោ ជាសត្វតំណាងឱ្យខេត្តស្វាយរៀង និងទី២.មានសណ្ឋានជាសម្ភារៈបុរាណខ្មែរម្យ៉ាងមានឈ្មោះថា “ឃ្លុំ” ដែលជាវត្ថុសម្រាប់ដាក់តម្រល់ត្រៃចីវរ និងវត្ថុមានតម្លៃផ្សេងៗ របស់ខ្មែរកាលសម័យដើម។
*ផ្នែខាងក្រោមនៃពាន : មានសណ្ឋានរាងមូល ដោយបានចម្លងតាមរចនាបថនៃសម្ភារៈបុរាណខ្មែរម្យ៉ាងមានឈ្មោះថា “ភាច” ដែលជាវត្ថុកាលពីសម័យបុរាណខ្មែរយើងប្រើប្រាស់សម្រាប់ដាក់គ្រឿងសក្ការៈ ឬភោជនីយាហារ ជាដើម។
ការប្រកួតនេះ BTV News Page, BTV Sport ផ្សាយផ្ទាល់៕
