ក្រុមគ្រូពេទ្យសង្គ្រោះបឋម បាននិយាយថា ការវាយប្រហារដោយយោធាអ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់៤០នាក់កាលពីពេលយប់ ខណៈកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញនូវការចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា បានទទួលការជំរុញដោយមន្ត្រីមកពីក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបានធ្វើដំណើរទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីបសម្រាប់ការចរចាជុំថ្មី។
ក្រុមគ្រូពេទ្យសង្គ្រោះបឋម និយាយថា ពួកគេបានរកឃើញសាកសពពលរដ្ឋប៉ាឡេស្ទីនចំនួន១៩ នាក់ ដែលត្រូវបានសម្លាប់នៅក្នុងតំបន់ភាគខាងជើងជំរំ Nuseirat ជាជំរំជនភៀសខ្លួនមួយកន្លែងក្នុងចំណោមជំរំចំនួន៨កន្លែងនៅតំន់ហ៊ុមព័ទ្ធហ្កាហ្សា។ ក្រុមគ្រូពេទ្យសង្គ្រោះបឋម និយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់១០នាក់នៅក្នុងលំនៅឋានមួយខ្នងនៅក្រុង Beit Lahiya ភាគខាងជើងតំបន់ហ្កាហ្សា។
ពុំមានសេចក្តីថ្លែងការណ៍ថ្មីណាមួយដោយយោធាអ៊ីស្រាអែលកាលពីថ្ងៃសុក្រនោះទេ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ សេចក្តីថ្លែងការណ៍បាននិយាយថា កងកម្លាំងរបស់ខ្លួនកំពុងបន្ត «វាយប្រហារលើគោលដៅភេរវករ ជាផ្នែកនៃសកម្មភាពប្រតិបត្តិការនៅតំបន់ហ្កាហ្សាស្ទ្រីប»។
រថក្រោះអ៊ីស្រាអែល បានចូលទៅតំបន់ភាគខាងជើង និងភាគខាងលិចជំរំ Nuseirat កាលពីថ្ងៃព្រហស្បតិ៍ ហើយពួកគេបានដកថយចេញពីតំបន់ភាគខាងជើងវិញកាលពីថ្ងៃសុក្រ ប៉ុន្តែនៅតែសកម្មក្នុងតំបន់ភាគខាងលិចនៃជំរំ។