ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋបាលរបស់លោកកំពុងធ្វើការជាមួយ FBI ដើម្បីដោះស្រាយការគំរាមវាយប្រហារនិងគំរាមដោយគ្រាប់បែក ដែលបានធ្វើឡើងក្នុងសប្តាហ៍នេះ ដាក់គោលដៅលើសមាជិកសភានិងបេក្ខជនគណៈរដ្ឋមន្ត្រីជាច្រើនរូបរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ។
លោក Seth Magaziner ជាសមាជិកសភាមកពីរដ្ឋ រ៉ូដ អ៊ីសលែន(Rhode Island) បាននិយាយកាលពីថ្ងៃសុក្រ ថា លោកត្រូវបានគេកំណត់គោលដៅដោយការគំរាមកំហែងដោយគ្រាប់បែកនៅលំនៅឋាន មួយថ្ងៃបន្ទាប់ពីសមាជិកសភាគណបក្សប្រជាធិបតេយ្យ៦រូប មកពីរដ្ឋ Connecticut បានរាយការណ៍ពីការគំរាមកំហែងស្រដៀងគ្នានេះនៅលំនៅឋានរបស់ពួកគេក្នុងថ្ងៃបុណ្យ Thanksgiving Day។
សមាជិកសភា បាននិយាយថា ការអនុវត្តច្បាប់នៅក្នុងករណីនីមួយៗ ពុំបានរកឃើញភស្តុតាងនៃគ្រឿងផ្ទុះនោះទេ។ លោក Pete Hegseth បេក្ខជនរបស់លោក Trump ដែលនឹងក្លាយជារដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងលោក Lee Zeldin ជាបេក្ខជនដែលនឹងដឹកនាំទីភ្នាក់ងារការពារបរិស្ថាន ស្ថិតក្នុងចំណោមបេក្ខជនដែលត្រូវបានដាក់គោលដៅដោយការគម្រាមកំហែងដោយគ្រាប់បែក និងការប៉ុនប៉ងវាយប្រហារ កាលពីថ្ងៃអង្គារ និងថ្ងៃពុធ កន្លងទៅនេះ។
លោក Biden បាននិយាយកាលពីថ្ងៃសុក្រទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Nantucket រដ្ឋ Massachusetts ជាកន្លែងដែលលោកចំណាយពេលថ្ងៃឈប់សម្រាក Thanksgiving បាននិយាយថា លោករំពឹងថា នឹងនិយាយទៅកាន់ លោក Trump ម្តងទៀតក្នុងអំឡុងពេលណាមួយ។