ប្រមុខក្រុមហេសបូឡា លោក ណាអ៊ីម កាស្សេម(Naim Qassem) បានសន្យាកាលពីថ្ងៃសុក្រ ទី២៩ វិច្ឆិកា ថា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងទ័ពលីបង់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែល ដែលលោកបាននិយាយថា ក្រុមរបស់លោកបានព្រមព្រៀង «ដោយភាពជឿជាក់និងមោទនភាព»។
វាគឺជាសុន្ទរកថាដំបូងរបស់លោក ចាប់តាំងពីបទឈប់បាញ់ បានចូលជាធរមានកាលពីថ្ងៃពុធ បន្ទាប់ពីមានអរិភាពរយៈពេលជាងមួយឆ្នាំ រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ដែលបានបំផ្លាញទឹកដីលីបង់ និងបានសម្លាប់មនុស្ស ៤.០០០នាក់ រួមមានទាំងស្ត្រី និងកុមាររាប់រយនាក់។
លោក Qassem បាននិយាយថាក្រុមហេសបូឡា «បានអនុម័តកិច្ចព្រមព្រៀងនេះ ដោយការតស៊ូខ្លាំងនៅក្នុងសមរភូមិ ហើយភាពជឿជាក់របស់យើងបានប្រកាន់ខ្ជាប់នូវសិទ្ធិក្នុងការការពារខ្លួន»។
បទឈប់បាញ់នេះចែងថា ក្រុមហេសបូឡានឹងដកខ្លួនចេញពីតំបន់ភាគខាងត្បូងនៃទន្លេ Litani មានប្រចម្ងាយប្រហែល៣០គីឡូម៉ែត្រភាគខាងជើងនៃព្រំដែនជាមួយប្រទេសអ៊ីស្រាអែល ហើយកងទ័ពលីបង់ នឹងដាក់ពង្រាយទ័ពនៅទីនោះ នៅពេលកងទ័ពជើងគោកអ៊ីស្រាអែល ដកខ្លួនចេញ។
លោក Qassem និយាយថា «នឹងមានការសម្របសម្រួលកម្រិតខ្ពស់ រវាងក្រុមហេសបូឡា និងកងទ័ពលីបង់ ដើម្បីអនុវត្តការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀងនេះ» ។