មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្របន្ទាប់ពីបានទៅពិនិត្យតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនថា ក្រុមស្ត្រី និងកុមារ កំពុងដើររើសអាហារ ក្នុងចំណោមគំនរសំរាមនៅផ្នែកមួយចំនួននៃតំបន់ហ្កាហ្សាស្ទ្រីប។
លោក Ajith Sunghay ប្រធានការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកដែនដីប៉ាឡេស្ទីន បានសម្តែងការព្រួយបារម្ភអំពីកម្រិតនៃភាពអត់ឃ្លាន ទោះបីជានៅតំបន់ហ្កាហ្សាភាគកណ្តាលក៏ដោយ ជាកន្លែងដែលទីភ្នាក់ងារផ្តល់ជំនួយ មានក្រុមការងារនៅទីនោះ។
លោក Sunghay បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវ តាមរយៈបណ្តាញវីដេអូ ពីប្រទេសហ្ស៊កដានី ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអត្រារាលដាលនៃភាពអត់ឃ្លាន។ ការទទួលបានរបស់របរចាំបាច់ជាមូលដ្ឋាន បានក្លាយជាការទប់ទល់ប្រចាំថ្ងៃដ៏គួរឱ្យព្រួយបារម្ភសម្រាប់ការរស់រានមានជីវិត។
លោក Sunghay និយាយថា អង្គការសហប្រជាជតិ ពុំអាចនាំយកជំនួយណាមួយទៅកាន់ភាគខាងជើងតំបន់ហ្កាហ្សា បានឡើយ ជាកន្លែងដែលលោកនិយាយថា មនុស្សប្រហែល ៧០.០០០ នាក់នៅតែត្រូវបានរារាំងដដែលៗ ឬត្រូវបានបដិសេធចំពោះក្បួនជំនួយមនុស្សធម៌ ដោយអាជ្ញាធរអ៊ីស្រាអែល។
លោក Sunghay បានទៅពិនិត្យជំរំសម្រាប់ប្រជាជនភៀសខ្លួនថ្មីៗពីតំបន់មួយចំនួននៅភាគខាងជើង តំបន់ហ្កាហ្សា។ លោកបាននិយាយបន្តថា ពួកគេកំពុងរស់នៅក្នុងស្ថានភាពដ៏លំបាកដោយការខ្វះអាហារធ្ងន់ធ្ងរ និងអនាម័យមិនល្អ។