អាមេរិក៖ ក្រុមអាជ្ញាធរនិយាយថា មនុស្សយ៉ាងហោចណាស់ ២នាក់បានស្លាប់ និង ៤នាក់ផ្សេងទៀតរងរបួសរួមទាំងមន្ត្រីនគរបាលម្នាក់ បន្ទាប់ពីហេតុការណ៍បាញ់ប្រហារនៅផ្សារទំនើបកាលពីថ្ងៃចន្ទក្នុងទីក្រុង Boise រដ្ឋ Idaho សហរដ្ឋអាមេរិក។

នៅសន្និសីទសារព័ត៌មានស្នងការនគរបាលក្រុង Boise លោក Ryan Lee និងក្រុមមន្ត្រីបានឆ្លើយតបរបាយការណ៍នៃការបាញ់ប្រហារ នៅផ្សារទំនើប Boise Towne Square នៅម៉ោងប្រហែល ១:៥០នាទីរសៀល។ ផ្សារនោះមានទីតាំងនៅក្នុងទីក្រុងធំបំផុតរបស់រដ្ឋ Idaho និងជាផ្សារធំបំផុតរបស់ទីក្រុងនេះ។ យោងតាមលោក Lee នៅពេលនគរបាលបានទៅដល់ ក្រុមអាជ្ញាធរនិយាយថា ពួកគេបានឃើញមនុស្សម្នាក់ដែលគួរតែជាជនសង្ស័យ។ មានការបាញ់កាំភ្លើងតបតគ្នាជាបន្តបន្ទាប់ ដែលបណ្ដាលឲ្យមន្ត្រីម្នាក់រងរបួស។ លោកថា ជនសង្ស័យត្រូវបានឃុំខ្លួន ហើយគេជឿថាជាអ្នកបាញ់ប្រហារតែម្នាក់គត់។ ក្រុមអាជ្ញាធរពុំទាន់កំណត់បានពីមូលហេតុនាំឲ្យមានការបាញ់បោះដោយសេរីនេះនៅឡើយទេ ដោយលើកឡើងថាការស៊ើបអង្កេតកំពុងបន្ត៕
អត្ថបទ៖ សុខមាន