ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃសៅរ៍ ទី ៣០ ខែវិច្ឆិកានេះ បានចេញផ្សាយរូបភាពរបស់មេដឹកនាំ លោក Kim Jong Un ជួបជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrei Belousov ក្នុងទីក្រុងព្យុងយ៉ាង។
រូបភាពទាំងនេះ បានបង្ហាញពី លោក Kim និងលោក Belousov ក្នុងពិធីជប់លៀង និងចូលរួមក្នុងការប្រគុំតន្ត្រី។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា ក្នុងអំឡុងពេលជំនួបកាលពីថ្ងៃសុក្រ លោក គីម បានប្រាប់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ថា ការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន គឺជាលទ្ធផលនៃអន្តរាគមន៍យោធាដោយផ្ទាល់ពីសហរដ្ឋអាមេរិក ហើយទីក្រុងមូស្គូមានសិទ្ធិប្រយុទ្ធក្នុងការការពារខ្លួន ។
សារព័ត៌មាន KCNA បាននិយាយថា លោក Kim បានសន្យាថានឹងពង្រីកទំនាក់ទំនងជាមួយរុស្ស៊ី លើគ្រប់វិស័យ រួមទាំងកិច្ចការយោធា ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលលោកបានចុះហត្ថលេខាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីខែមិថុនា ដែលរួមមានកិច្ចព្រមព្រៀងការពារគ្នា ទៅវិញទៅមក។