អង្គការមនុស្សធម៌UN បានលើកឡើងកាលពីថ្ងៃសុក្រថា អរិភាពដែលកំពុងបន្ត ធ្វើឲ្យប្រជាជនប៉ាឡេស្ទីន ស្ថិតក្នុងហានិភ័យយ៉ាងធ្ងន់ធ្ងរ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ជាពិសេសជនស៊ីវិលដែលព្យាយាមចៀសវាងពីការឡោមព័ទ្ធរបស់អ៊ីស្រាអែល នៅភាគខាងជើង។
លោក Philippe Lazzarini អគ្គស្នងការនៃទីភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានគេស្គាល់ថា UNRWA បាននិយាយថា ប្រតិបត្តិការយោធាដែលកំពុងបន្តនៅភាគខាងជើង បានបណ្តេញមនុស្ស ១៣០.000នាក់ ក្នុងរយៈពេល ៧សប្តាហ៍ កន្លងទៅនេះ។
នៅភាគខាងជើងតំបន់ហ្កាហ្សា រួមទាំងទីក្រុងហ្កាហ្សា កង្វះខាតហ្គាសចម្អិនអាហារយ៉ាងធ្ងន់ធ្ងរ បានបង្ខំគ្រួសារឲ្យពឹងផ្អែកលើការដុតកាកសំណល់សម្រាប់ប្រេងឥន្ធនៈ ដែលបង្កើនហានិភ័យនៃការឆ្លងមេរោគផ្លូវដង្ហើម នៅពេលដែលសេវាថែទាំសុខភាព មានតិចតួច។ នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) ។
កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានរាយការណ៍ថា នៅពេលដែលវិបត្តិភាពស្រេចឃ្លានកាន់តែអាក្រក់ឡើង តម្លៃអាហារមូលដ្ឋាន បានកើនឡើងជាង ១.000 ភាគរយ បើប្រៀបធៀបទៅនឹងកម្រិតមុនអរិភាពកើតឡើង។

