អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់កាលពីថ្ងៃសុក្រ បានជួបជាមួយមន្ត្រីមកពីចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដោយសម្ងាត់ នៅទីក្រុងហ្សឺណែវ ដើម្បីពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ នេះបើយោងតាមអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Kazem Gharibabadi។
ក្នុងនាមជាអ្នកចរចារបស់អ៊ីរ៉ង់ លោក Gharibabadi បានពណ៌នាការពិភាក្សាជាមួយអ្នកតំណាងមកពីប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេសថា ជាការនិយាយត្រង់ទៅត្រង់មកដោយឥតលាក់លៀម។ នៅក្នុងការបង្ហោះរបស់លោកនៅលើវេទិកាសង្គម X លោកបាននិយាយថា កិច្ចប្រជុំបានលើកឡើងនិងវាយតម្លៃ ការវិវឌ្ឍទ្វេភាគី ក្នុងតំបន់ និងអន្តរជាតិ នាពេលថ្មីៗនេះ ជាពិសេសបញ្ហានុយក្លេអ៊ែរ និងការដកទណ្ឌ កម្ម។
លោកបានកត់សម្គាល់ឃើញថា អ៊ីរ៉ង់ «ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការស្វែងរកផលប្រយោជន៍របស់ប្រជាជន» ដោយសង្កត់ធ្ងន់ថា វិធីសាស្រ្តដែលពេញចិត្ត នៅតែជាផ្លូវនៃការសន្ទនា និងការចូលរួមការចរចា។
លោកបន្ថែមថា ភាគីទាំងអស់ បានយល់ព្រមបន្តកិច្ចពិភាក្សាការទូត នៅពេលខាងមុខ។
រហូតដល់ពេលចេញផ្សាយព័ត៌មានហើយ ពុំទាន់មានការអត្ថាធិប្បាយជាសាធារណៈ ឬសេចក្តីថ្លែងការណ៍ផ្លូវការណាមួយពីប្រទេសអឺរ៉ុបទាំងបី ដែលបានចូលរួមកិច្ចពិភាក្សាកាលពីថ្ងៃសុក្រនោះទេ។
កាលពីខែកក្កដា ឆ្នាំ ២០១៥ អ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA) ជាមួយមហាអំណាចពិភពលោក ដោយទទួលយកការរឹតបន្តឹងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មពីលោកខាងលិច។ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀង ក្នុងខែឧសភា ឆ្នាំ ២០១៨ ដោយបានដាក់ទណ្ឌកម្មឡើងវិញ និងជំរុញឲ្យអ៊ីរ៉ង់កាត់បន្ថយកាតព្វកិច្ចមួយចំនួនចំពោះកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។