ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយកាលពីថ្ងៃសៅរ៍ (ទី៣០ ខែវិច្ឆិកា)ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីថា ការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន គឺជាលទ្ធផលនៃអន្តរាគមន៍យោធា ដោយផ្ទាល់ពីសហរដ្ឋអាមេរិក ហើយទីក្រុងមូស្គូ មានសិទ្ធិប្រយុទ្ធក្នុងការការពារខ្លួន។
ទូរទស្សន៍រដ្ឋរបស់កូរ៉េខាងជើង KRT បានចាក់ផ្សាយវីដេអូរបស់លោក គីម ជុងអ៊ុន ជួបជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Andrei Belousov កាលពីថ្ងៃសុក្រ (ទី២៩ ខែវិច្ឆិកា) និងចូលរួមពិធីជប់លៀង និងការប្រគុំតន្ត្រីមួយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនេះ បានរាយការណ៍ថា ក្នុងអំឡុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ លោក គីម បានសន្យាពង្រីកទំនាក់ទំនងជាមួយរុស្ស៊ីលើគ្រប់វិស័យ រួមទាំងកិច្ចការយោធា ក្រោមភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដែលលោកបានចុះហត្ថលេខាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីខែមិថុនា ដែលរួមមានកិច្ចព្រមព្រៀងការពារទៅវិញទៅមក។
ទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាង មានទំនាក់ទំនងរីកចម្រើនយ៉ាងខ្លាំង ចាប់តាំងពីមេដឹកនាំរបស់ពួកគេ បានបើកកិច្ចប្រជុំកំពូល កាលពីខែកញ្ញា ឆ្នាំ ២០២៣ នៅក្នុងប្រទេសរុស្ស៊ី ហើយចាប់តាំងពីពេលនោះ មកកូរ៉េខាងជើង បានដឹកជញ្ជូនគ្រាប់រំសេវជាង ១០.000កុងតឺន័រ ក៏ដូចជាកាំភ្លើងផ្លោង និងជើងទម្របាញ់ រ៉ូកែតចល័តជាច្រើន។ នេះបើយោងតាមទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង។