សៀមរាប ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមរត់ នៅក្នុងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅអង្គរវត្ត ខេត្តសៀមរាប នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ស្អែកនេះ។
គោលបំណងនៃការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង គឺទី១-ដើម្បីកៀគរថវិកាជួយដល់ជនពិការដោយសារគ្រាប់ម៉ីន ដែលបានអនុវត្តតាំងពីឆ្នាំ១៩៩៦ និងជួយដល់អង្គការសប្បុរសធម៌នានា ព្រមទាំងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាជំនាញ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍។ លើសពីនេះ ក៏ជាការចូលរួមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងបង្កភាពសប្បាយរីករាយក្រោមម្លប់នៃសន្ដិភាពផងដែរ។ ព្រឹត្តិការណ៍ស្អែកនេះ នឹងមាន១៣៨៧៧នាក់ អ្នករត់ជាតិ ១០៥៣២នាក់ និងអន្តរជាតិ៣៣៤៥នាក់ មកពី៨៧ប្រទេស៕














