រុស្ស៊ីបានអះអាងកាលពីថ្ងៃសុក្រថា កងទ័ពរបស់ខ្លួន បានកាន់កាប់កន្លែងតាំងទីលំនៅចំនួន ៤បន្ថែមទៀតនៅភាគខាងកើតអ៊ុយក្រែន ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ ខណៈដែលអ៊ុយក្រែន បានរាយការណ៍នៅថ្ងៃដដែលនោះថា កងកម្លាំងរបស់ខ្លួន បានវាយលុកឃ្លាំងស្តុកប្រេងមួយ នៅក្នុងទឹកដីរុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងកម្លាំងរបស់ខ្លួន បានកាន់កាប់កន្លែងតាំងទីលំនៅចំនួន ៤ នៅក្នុងតំបន់ Kharkiv និង Donetsk ក្នុងអំឡុងពេលសប្តាហ៍នៃថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា។ ពួកគេ ក៏បានបើកការវាយប្រហារចំនួន ៣២លើក លើគោលដៅយោធាអ៊ុយក្រែនជាច្រើន រួមទាំងសហគ្រាសយោធា កន្លែងថាមពល អាកាសយានដ្ឋានយោធា និងកន្លែងផលិត និងផ្ទុកយានដ្រូន។
ក្រសួងបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី ក៏បានស្ទាក់ចាប់មីស៊ីល ចំនួន ១០ ពីប្រព័ន្ធមីស៊ីលតាក់ទិចកងទ័ពដែលផលិតដោយសហរដ្ឋអាមេរិក និងយានដ្រូនរបស់សត្រូវចំនួន ៣៥៣ គ្រឿង ក្នុង រយៈពេលមួយសប្តាហ៍កន្លងទៅនេះ។
លើសពីនេះទៅទៀតនោះ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា នៅចន្លោះយប់ថ្ងៃព្រហស្បតិ៍ និងព្រឹកថ្ងៃសុក្រ ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យានដ្រូនអ៊ុយក្រែនចំនួន ៤៧គ្រឿង លើតំបន់គ្រីម៉េ និងតំបន់ជាប់ព្រំដែន នៅភាគខាងកើតប្រទេសរុស្ស៊ី រួមមាន Rostov, Bryansk, Belgorod និង Voronezh ។
ទន្ទឹមនឹងនេះដែរ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានរាយការណ៍ពីការប្រយុទ្ធជួរមុខចំនួន ១២៣លើក គិតត្រឹមរសៀលថ្ងៃសុក្រ ដោយមានការប្រយុទ្ធគ្នាខ្លាំងបំផុត បានកើតឡើង ក្នុងទិសដៅនៃទីក្រុង Kurakhove។