កងកម្លាំងការពារអ៊ីស្រាអែល (IDF) កាលពីថ្ងៃសុក្រ បានព្រមានអ្នកស្រុកនៃភូមិចំនួន ៦៣ នៅភាគខាងត្បូងប្រទេសលីបង់ មិនឲ្យត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ រហូតដល់មានការជូនដំណឹងបន្ថែម។
អ្នកនាំពាក្យរបស់ IDF លោក Avichay Adraee បានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X នូវផែនទីដែលបង្ហាញពីតំបន់ហាមឃាត់ នៅភាគខាងត្បូងប្រទេសលីបង់ តាមបណ្តោយព្រំដែនអ៊ីស្រាអែល ជាកន្លែងដែលភូមិទាំងនេះ ស្ថិតនៅ ដោយព្រមានថា នរណាម្នាក់ដែលចូលក្នុងតំបន់នេះ នឹងត្រូវប្រឈមនឹងគ្រោះថ្នាក់។
តំបន់ហាមឃាត់ដែលមានបណ្តោយប្រវែងប្រហែល ១២០គីឡូម៉ែត្រ និងទទឹង ៣គីឡូម៉ែត្រ លាតសន្ធឹងពីទីក្រុង Naqoura នៅភាគខាងលិចទៅទីក្រុង Shebaa នៅភាគខាងកើត។
ប្រភពយោធាលីបង់ បានប្រាប់សារព័ត៌មានស៊ីនហួថា កងទ័ពលីបង់ បានធ្វើការ ដើម្បីដំឡើងរបាំង នៅផ្លូវប្រសព្វ និងច្រកចូលភូមិទាំងនេះ ដើម្បីរារាំងអ្នកស្រុកមិនឲ្យចូល។
ទន្ទឹមនឹងនេះដែរ ប្រភពបានរាយការណ៍ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការបាញ់ផ្លោងកាំភ្លើងធំ នៅក្នុងទីក្រុង និងភូមិមួយចំនួន ខណៈដែលទីភ្នាក់ងារព័ត៌មានជាតិផ្លូវការរបស់ប្រទេសលីបង់ បាននិយាយថា គ្រឿងចក្រឈូសឆាយរបស់អ៊ីស្រាអែល កំពុងធ្វើការនៅផ្នែកខាងកើតនៃតំបន់ព្រំដែននៅភាគខាងត្បូងប្រទេសលីបង់សម្រាប់គោលបំណងយោធា។