ប៉េតង់៖ ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់មន្ដ្រីអប់រំខេត្តបាត់ដំបងលើកទី២ បានបញ្ចប់ហើយក្រោយដំណើរការប្រកួតអស់រយៈពេល ១សប្ដាហ៍កាលពីថ្មីៗកន្លងទៅ។ លោក យី សុងគី ប្រធានមន្ទីរអប់រំកាយ យុវជន និងកីឡាខេត្តបាត់ដំបងបានឲ្យដឹងថា ការប្រកួតនេះមាន ២០ក្រុមចូលរួមប្រកួតលើ ៣វិញ្ញាសារួមមានវិញ្ញាសា ៣ទល់៣, ២ទល់២ និងវិញ្ញាសាវាយយកពិន្ទុ។
លោកថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងប្រមូលផ្ដុំក្រុមកីឡា ដែលជាមន្ដ្រីអប់រំខេត្តបាត់ដំបងបានចូលរួមប្រកួតប្រជែង ចែករំលែកបទពិសោធន៍ ពង្រឹងកាយសម្បទា បង្កើនបញ្ញាស្មារតី ពិសេសដើម្បីទទួលបានបទពិសោធន៍ និងបច្ចេកទេសបន្ថែមសម្រាប់បណ្ដុះបណ្ដាលដល់ក្រុមកីឡាករបន្ដវេណជំនាន់ក្រោយ ឲ្យក្លាយជាកីឡាករមានសក្ដានុពលនាថ្ងៃអនាគត។ ប្រធានមន្ទីរដដែលបន្ថែមថា ការរៀបចំពានរង្វាន់មន្ដ្រីអប់រំនេះ ក៏ស្របតាមយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដែលបានលើកកម្ពស់អនុវិស័យអប់រំកាយ និងកីឡា ក្នុងការជំរុញឲ្យប្រជាជន និងយុវជនចូលរួមលេងកីឡាដើម្បីសុខភាព និងចូលរួមអភិវឌ្ឍធនធានមនុស្ស ពិសេសស្របតាមយុទ្ធនាការ «ប្រជាជនម្នាក់លេងកីឡាមួយមុខ» ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ផងដែរ។
ចំពោះលទ្ធផលការប្រកួតវិញ្ញាសា ៣ទល់៣ លេខ១ បានទៅក្រុមឥទ្ទ្រីខ្មៅអប់រំ, លេខ២ ក្រុមការិយាល័យអប់រំយុវជន និងកីឡាស្រុកភ្នំព្រឹក និងលេខ៣ ស្ទួន មានក្រុមគជសារកីឡា និងក្រុមហនុមានស្រុកសំឡូត។ រីឯវិញ្ញាសា ២ទល់២ លេខ១ ក្រុមវិទ្យាល័យកំរៀង, លេខ២ ក្រុមការិយាល័យអប់រំយុវជន និងកីឡាស្រុកភ្នំព្រឹក និងលេខ៣ ស្ទួន បានទៅក្រុមឥទ្ទ្រីអប់រំស្រុកថ្មគោល និងក្រុមវិទ្យាល័យព្រះមុនីវង្ស។ ចំណែកវិញ្ញាសាវាយយកពិន្ទុបានទៅកីឡាករក្រុមវិទ្យាល័យកំរៀង ខណៈលេខ២ បានទៅកីឡាករក្រុមវិទ្យាល័យព្រះមុនីវង្ស និងលេខ៣ បានទៅកីឡាករក្រុមហនុមានស្រុកសំឡូត៕
អត្ថបទ៖ លី ឈុនឡា