ក្រសួងការពារជាតិចិន បាននិយាយថា កងកម្លាំងអាកាសរុស្ស៊ី និងកងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិន បានធ្វើការល្បាតតាមអាកាសរួមគ្នា ពីខាងលើផ្នែកខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក។
យោងតាមក្រសួងនេះ បានឲ្យដឹងថា យន្តហោះរបស់ប្រទេសទាំងពីរ «បានបញ្ចប់ដំណាក់កាលទី២ នៃការល្បាតដែនអាកាសរួមគ្នាលើកទី ៩ នៅក្នុងដែនអាកាសនៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច»។
មុននេះ ក្រសួងការពារជាតិបាននិយាយថា ប្រទេសទាំងពីរ បានធ្វើការល្បាតតាមអាកាសរួមគ្នាលើកទី៩ នៅតំបន់សមុទ្រជប៉ុន។
យោធារុស្ស៊ី និងចិន បាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ដោយធ្វើសមយុទ្ធនិងល្បាតរួមគ្នា។ ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បាននិយាយម្តងហើយម្តងទៀតថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់ពួកគេ គឺស្របតាមច្បាប់អន្តរជាតិ ហើយមិនសំដៅប្រឆាំងនឹងប្រទេសទី ៣ នោះទេ។

