ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមរោងចក្រស្បែកជើងកម្ពុជាបានដឹកនាំ អនុប្រធាន និងគណៈកម្មការសមាគម ជួបសម្ដែងការគួរសមជាមួយនឹងឯកឧត្ដម ហ៊ុន ម៉ាណែត និងបាននាំយកអំណោយរបស់សមាគមរួមមាន៖ មីចំនួន ២១៦៦កេស, ទឹកបរិសុទ្ធចំនួន ៦០០កេស និងស្បែកជើងចំនួន ២០០កេសជូនដល់កងទ័ពជើងគោក ដើម្បីចូលរួមចំណែកជួយដល់កងទ័ពជើងគោក ក្នុងយុទ្ធនាការដោះស្រាយការងារជួយសង្គ្រោះប្រជាពលរដ្ឋ នៅតាមមូលដ្ឋានទូទាំងប្រទេសដែលកំពុងរងគ្រោះដោយទឹកជំនន់។
លោកប្រធានសមាគមបានលើកឡើងថា ដោយមើលឃើញយុទ្ធនាការជួយជនរងគ្រោះ ដោយសារទឹកជំនន់រហ័សទាន់ពេលវេលា ក្រោមការដឹកនាំរបស់មេបញ្ជាការកងទ័ពជើងគោក សមាគមព្រមទាំងអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា បានចូលរួមចំណែកឧបត្ថម្ភគាំទ្រចំពោះកងទ័ព ដើម្បីជួយសង្គ្រោះប្រជាជនឲ្យបានទាន់ពេលវេលា។ លោកបន្តថា នេះគឺជាទឹកចិត្ត និងការថ្លែងអំណរគុណរបស់សមាគមស្បែកជើងកម្ពុជា ចំពោះកងទ័ពដែលតែងតែឃើញកងទ័ពនៅជួរមុខជានិច្ច និងតែងតែចុះជួយសង្គ្រោះប្រជាពលរដ្ឋ រាល់ពេលដែលមានគ្រោះមហន្តរាយផ្សេងៗ។ ឯកឧត្ដម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមគាំទ្រដ៏ថ្លៃថ្លាបំផុតចំពោះឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងគណៈកម្មការទាំងអស់ ដែលបានចូលរួមឧបត្ថម្ភអំណោយជួយដល់កងទ័ព ដើម្បីសង្គ្រោះប្រជាជននៅក្នុងគ្រាដ៏លំបាកនេះ៕




